(សៀមរាប)៖ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក​ខេត្ត​សៀមរាប សហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្តុះបណ្តាលអំពី ក្រមសីលធ៌មគិលានុបដ្ឋាកកម្ពុជា ដើម្បីពង្រឹងសម្ថភាពនៃការថែទាំប្រកបទៅដោយគុណភាព និងប្រសិទ្ធភាព។

ពិធីនេះ ក្រោមវត្តមានរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប, លោកអនុបណ្ឌិត អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ, លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងលោក តូច ពលពណ្ណៈ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក ខេត្តសៀមរាប ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក ខេត្តសៀមរាប ជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ លោក តូច ពលពណ្ណៈ បានលើកឡើងថា នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប មានគិលានុបដ្ឋាកមានចំនួន២២០នាក់ ក្នុងនោះដែរ មានអ្នកចុះបញ្ជីការ ជាមួយគិលានុបដ្ឋាកមានតែ១៥៨នាក់ នៅសល់៦២នាក់ទៀត ហើយនៅក្នុង១៥៨នាក់ មានអ្នកផុតសុពលភាពចំនួន៣៩នាក់ទៀត។ លោក តូច ពលពណ្ណៈ បន្តថា ក្នុងគណៈគិលានុបដ្ឋាក​នេះ គឺជាច្បាប់ដែលកំណត់ថា យើងទាំងអស់ដើម្បី អនុវត្តវិជ្ជាជីវៈឲ្យបានស្របច្បាប់ ត្រូវតែចុះបញ្ជីការ និងសុំអាជ្ញាប័ណ្ណ។ ដោយឡែក អាជ្ញាប័ណ្ណរបស់គិលានុបដ្ឋាក បានផ្តល់ឲ្យក្នុងមួយអាជ្ញាប័ណ្ណ រយៈពេល៣ឆ្នាំ។

លោកក៏បានថា សំណូមពរដល់អ្នកដែលបានចុះបញ្ជីការហើយ ត្រូវពិនិត្យមើលអាជ្ញាប័ណ្ណ ផុតសុពលភាពហើយឬនៅ ដើម្បីស្នើសុំអាជ្ញាប័ណ្ណបន្ត ហើយដើម្បីបន្តទៅបាន គឺត្រូវតែមានការបណ្តុះបណ្តាល ហើយក្នុងរយៈពេល៣ឆ្នាំ ដែលអាជ្ញាប័ណ្ណប្រគល់ឲ្យ ត្រូវតែមានបណ្តុះបណ្តាលឲ្យពិន្ទុស្មើនឹង ៦០ពិន្ទុ ហើយពន្ទុទាំងនេះត្រូវបានបែងចែកកំណត់ជាមួយឆ្នាំៗ ហើយក្នុងមួយឆ្នាំយើងមានបណ្តុះបណ្តាលតិចបំផុតបាន ១៥ពិន្ទុ ហើយបណ្តុះបណ្តាលច្រើនបំផុត ២៥ពិន្ទុ។

លោកអនុបណ្ឌិត អ៊ុន សាន បានលើកឡើងថា ប្រសិនបើគិលានុបដ្ឋាករបស់យើង អនុវត្តនៅក្រមសីលធ៌មឲ្យបានត្រឹមត្រូវ នោះការផ្តល់សេវាទៅដល់អ្នកជំងឺពិតជាមានគុណភាព។

ក្នុងនោះដែរ គណៈគិលានុបដ្ឋាកកម្ពុជា បានរៀបចំជាធាតុស្នូលជាមួយនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ចំនួន៥ ហើយធាតុស្នូលទាំងនោះ រួមមាន៖

ទី១- ការអនុវត្តឱ្យបានត្រឹមត្រូវទៅនឹងច្បាប់នៃក្រមសីលធម៌, ទី២-ត្រូវមានភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង, ទី៣-ត្រូវមានការសិក្សារៀនសូត្រ និងស្រាវជ្រាវ ,ទី៤-ត្រូវមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ត ,ទី៥-ត្រូវពង្រឹងសមត្ថភាព និងវិជ្ជាជីវៈផង​ដែរ។

ទន្ទឹមនឹងនោះដែរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក និងថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្តសៀមរាប ដែលបានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងពង្រឹងសម្ថភាពនៃការថែទាំ ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមភាព ដែលត្រូវតែគោរពតាមអោយបាននូវក្រមសីលធម៌ វិជ្ជាជីវៈថែទាំ ដើម្បីទទួលបានត្រលប់មកវិញនូវការពេញចិត្តពីសំណាក់អ្នកជំងឺ ក៏ដូចជាអតិថិជន ដែលបានប្រើប្រាស់សេវាសុខាភិបាល។ ជាការពិតណាស់គិលានុបដ្ឋាក-យិកា នៅក្នុងអង្គភាពនេះ មានចំនួនច្រើនបើប្រៀបទៅនឹងវិជ្ជាជីវៈផ្សេងទៀត។ ហើយគិលានុបដ្ឋាកបានដើរតួយ៉ាងសំខាន់បំផុតក្នុងការថែទាំ ដែលជំរុញអោយសេវាមានគុណភាព។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បាន​លើកឡើងថា ស្ថិតក្នុងស្ថានភាពដែលកំពុងមានការកើនឡើងនៃការប្រើប្រាស់សេវាក្នុងអង្គភាព បច្ចុប្បន្ន បុគ្គលិកសុខាភិបាល គ្រប់គ្នាមានភាពមមាញឹកខ្លាំង ក្នុងការអនុវត្តកិច្ចការបំរើសេវាសុខភាព ដែលទាំងអស់គ្នាត្រូវការចាំបាច់នូវគន្លងផ្លូវសំរាប់ដើរតាម គឺក្រមសីធម៌វិជ្ជាជីវៈ ដែលពេលនេះទាំងអស់គ្នាកំពុងរង់ចាំក្រេបជញ្ជក់យកក្នុងពេលនេះ ដើម្បីអនុវត្តន៍=jyបានល្អ ស្របតាមការរីកចំរើននៃសេវា។

ជាមួយនេះដែរ លោកវេជ្ជបណ្ឌិត ក៏បានក្រើនរំលឹកដល់គិលានុបដ្ឋាក-យិកាទាំងអស់ ដែលមិនទាន់បានចុះបញ្ជីកា ក៏ដូចជាអ្នកដែលបានចុះបញ្ជីកាតែអស់សពុលភាព សូមមកចុះបញ្ជីកា និងបន្តសុពលភាព ដើម្បីបំពេញភាពស្របច្បាប់ក្នុងការអនុវត្ត វិជ្ជាជីវៈថែទាំរបស់ខ្លួនផងដែរ៕