(ព្រុចសែល-បែលហ្ស៊ិក)៖ តបតាមការអញ្ជើញរបស់លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោនយោបាយសន្តិសុខ និងជាអនុប្រធាន គណៈកម្មការអឺរ៉ុប លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី ៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ ពីថ្ងៃទី១ ដល់២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ព្រះរាជាណាចក្របែលហ្ស៊ិក។

នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល អគ្គលេខាធិការអាស៊ាន នឹងជួបជាមួយបណ្តារដ្ឋមន្ត្រី មកពីរដ្ឋសមាជិកសហភាពអឺរ៉ុប ស្នងការអឺរ៉ុប និងមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយចំនួន ដើម្បីពិភាក្សា និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប នៅក្នុងវិស័យដែលមានផលប្រយោជន៍រួមផងដែរ៕