(ភ្នំពេញ)៖ ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នេះបើយោងតាមការបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដែលបានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ នឹងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ក្រោមវត្តមានលោក សួង ហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធានគណៈកម្មការ ប្រធាន អនុប្រធានអនុគណៈកម្មការ និងសមាជិក សមាជិកា ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រកាសនូវសមាសភាពគណៈកម្មការ អនុគណៈកម្មការ និងបែងចែកការងារដែលត្រូវទទួលបន្ទុកក្នុងការត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់។

នាឱកាសនោះលោករដ្ឋលេខាធិការ សួង ហេង បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានសាងសង់អាចប្រព្រឹត្តទៅបានដោយរលូន មានរបៀបរៀបរយ ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុកផងដែរ៕