(ភ្នំពេញ)៖ ដើម្បីជាការចូលរួមរំលែកនូវការលំបាក ជាមួយគ្រួសារអតីតយុទ្ធជន ក្នុងការរៀបចំឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ដែលជាគំរូវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជនកម្ពុជា ចារនៅក្នុងប្រវត្តិសាស្ត្រកូនខ្មែរជំនាន់ក្រោយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ លោកស្រី មុំចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងជាអនុប្រធានប្រចាំការ នៃសមាអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី បើកផ្ដល់ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសពមួយលើកដំបូង ជូនគ្រួសារអតីតយុទ្ធជន ចំនួន ១៧គ្រួសារ មកពីខណ្ឌចំនួន១០ រួមមាន៖

១៖ នៅខណ្ឌចំការមន ចំនួន២គ្រួសារ
២៖ នៅខណ្ឌដង្កោ ចំនួន៣គ្រួសារ
៣៖ នៅខណ្ឌសែនសុខ ចំនួន៣គ្រួសារ
៤៖ នៅខណ្ឌជ្រោយចង្វារ ចំនួន២គ្រួសារ
៥៖ នៅខណ្ឌពោធិ៍សែនជ័យ ចំនួន២គ្រួសារ
៦៖ នៅខណ្ឌប្ញស្សីកែវ ចំនួន១គ្រួសារ
៧៖ នៅខណ្ឌទួលគោក ចំនួន១គ្រួសារ
៨៖ នៅខណ្ឌដូនពេញ ចំនួន១គ្រួសារ
៩៖ នៅខណ្ឌមានជ័យ ចំនួន១គ្រួសារ
១០៖ នៅខណ្ឌព្រែកព្នៅ ចំនួន១គ្រួសារ
សរុបចំនួន ១៧គ្រួសារ។

លោកស្រី មុំចាន់ដានី បាននាំនូវការចូលរួមចែករំលែកទុក្ខ និងការសោកស្ដាយជាមួយគ្រួសារសព ក្នុងការបាត់បង់នូវសមាជិកអតីតយុទ្ធជន ដែលមានគុណបំណាច់ ក្នុងការការពារអភិវឌ្ឍន៍ប្រទេសជាតិ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ គោរពជូនចំពោះគ្រួសារសពអតីតយុវជន ដែលបានបាត់បង់សមាជិក ក៏ដូចជាផ្ដាំផ្ញើ និងយកចិត្តទុកដាក់ ដល់គ្រួសារសពអតីត ក៏ដូចជាការគិតគូរការផ្ដល់នូវគោលនយោបាយផ្សេងៗទៀត នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចូលរួមចំណែកលើកកម្ពស់ ជីវភាពរបស់គ្រួសារបងប្អូនសពអតីតយុទ្ធជន។

ជំនួសមុខឲ្យលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច, លោកស្រី មុំ ចាន់ដានី បានសម្ដែងនូវការចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់សមាជិកគ្រួសារ ដែលបានទទួលមរណភាព ដែលជាអតីតយុទ្ធជនយើង ធ្លាប់បានចូលរួមចំណែកលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះ ការពារបូរណភាពទឹកដីរហូតទទួលបានជោគជ័យ កន្លងមក។

ជាមួយគ្នានោះ លោកស្រីប្រធាន បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នៃបុព្វបុរសខ្មែរ ដែលបានពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ៕