(ភ្នំពេញ)៖ មុខសញ្ញាចោរកម្មធ្លាប់ជាប់ពន្ធនាគារ២នាក់ បានប៉ុនប៉ងចូលទៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ មិនទាន់បានសម្រេចផង ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវខណ្ឌឫស្សីកែវ សហការ និងកម្លាំងប្រជាការពារមកអន្តរាគមន៍ បង្ក្រាប និងឃាត់ខ្លួនទាន់ពេលវេលាដោយដកហូតបានម៉ូតូ១គ្រឿង។ ការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាចោរកម្មខាងលើនេះ បានធ្វើឡើងនៅយប់ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០ ១៦ នៅត្រង់ចំណុចក្នុងបុរីរិទ្ធ ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹង សាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ឫស្សីកែវ បានបញ្ជាក់ថា ករណីឃាត់ខ្លួនមុខសញ្ញាចោរកម្មនេះ នៅពេលដែលជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ចូលទៅសម្ងំ ក្នុងបុរីរិទ្ធត្រៀមប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយបក្ខពួកម្នាក់ នៅចាំនូវនិងម៉ូតូខាងក្រៅចំណែកបក្ខពួកម្នាក់ទៀតបានចូលទៅក្នុងបម្រុងលួចទ្រព្យសម្បត្តិនៅខាងក្នុង។ លោក តូច គឹមសុង បានបញ្ជាក់ទៀតថា ជនចោរកម្មទាំង២នាក់ មិនទាន់បានធ្វើសកម្មភាពលួចបាន សម្ភារឫទ្រព្យសម្បត្តិអ្វីផង ក៏ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ដែលកំពុងល្បាតនៅពេលរាត្រីដើម្បីការពារសន្តិសុខសុវត្ថិភាពផ្សេងៗ ក្នុងភូមិសាស្ត្រដោយសហការនិងកម្លាំងប្រជាការពារសង្កាត់បានប្រទះឃើញ និងមានការសង្ស័យទើបធ្វើការឃាត់ដើម្បីត្រួតពិនិត្យសួរនាំ ស្រាប់តែបែកធ្លាយមានបក្ខពួក ម្នាក់បានចូលទៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ហើយ ក៏ឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្ដងដោយដកហូតបានម៉ូតូ១គ្រឿង និងកន្ត្រងសម្រាប់ដួសយកសម្ភារផ្សេងៗនៅក្នុងផ្ទះចំនួន១ផងដែរ ។
លោក តូច គឹមសុង បានបន្ថែមថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះមាន សុផានិត ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរនិ ងស្នាក់នៅមិនពិតប្រាកដនិងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន២លើករួចមកហើយ រីឯបក្ខពួកម្នាក់ទៀតឈ្មោះសាន រាជ ភេទប្រុស អាយុ២ ៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បច្ចុប្បន្ន មុខសញ្ញាចោរកម្មទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធីច្បាប់ ៕