(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពខេត្ត និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទរួមគ្នាបន្តយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីបញ្ជ្រាបដល់មជ្ឈដ្ឋានអន្តរជាតិឱ្យបានយល់ច្បាស់ពីស្ថានភាពជាក់ស្ដែង លុបបំបាត់ការភ័យខ្លាចតាមរយៈការផ្សព្វផ្សាយបំភ្លៃរបស់សារព័ត៌មានក្រៅស្រុកមួយចំនួន។

ការណែនាំបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យខេត្តព្រះសីហនុរក្សាបានការទាក់ទាញទេសចរ និងអ្នកវិនិយោគ បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ជាកត្តាដែលត្រូវគិតគូរ, បើគ្មានសន្តិសុខមិនអាចទៅមុខបាននោះទេ។ សន្តិសុខ គឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍ តំបន់ឧស្សាហកម្មផ្សេងៗ។ ការងារសន្តិសុខនេះ ដាច់ខាតត្រូវតែធ្វើឱ្យបាន ធានាឱ្យបានថាខេត្តព្រះសីហនុមានសន្តិសុខ សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ។

សម្ដេចធិបតីបានបន្តថា កន្លងទៅ មានរឿងមួយចំនួនដែលបានផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានអន្តរជាតិមួយចំនួន ដែលមិនឆ្លុះបញ្ចាំងពីការពិត និងបានធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពកម្ពុជា រូបភាពរបស់កម្ពុជា ពិសេសខេត្តព្រះសីហនុតែម្ដង។

រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ បានដាក់ចេញយន្តការជាច្រើន ដើម្បីផ្សព្វផ្សាយឱ្យអន្តរជាតិយល់ច្បាស់ឡើងវិញ។ ពិតណាស់ បញ្ហាសន្តិសុខតែងកើតឡើងនៅគ្រប់ប្រទេស ហើយកម្ពុជាក៏មិនមែនអត់មានដែរ ប៉ុន្តែអ្វីដែលបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ វាមិនឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងទាល់តែសោះ។ ប្រទេសខ្លះ ប្រទេសមហាអំណាចផង គ្រាន់តែនិយាយពីចោរឆក់គឺច្រើនជាងនៅភ្នំពេញទៅទៀត។ ដូច្នេះកម្ពុជាបានខិតខំផ្សព្វផ្សាយឱ្យមជ្ឈដ្ឋានអន្តរជាតិបានជ្រោតជ្រាបនូវអ្វីដែលជាភាពជាក់ស្ដែងឡើងវិញ តាមរយៈការទាក់ទាញទេសចរឲ្យកាន់តែច្រើន។

តែយ៉ាងណា ត្រូវពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានខ្លាំងក្លា។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុត្រូវតែចាត់វិធានការឲ្យបានតឹងរឹងលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនេះឱ្យបាន។ នេះជាការបន្ថែមរបស់សម្ដេចធិបតី។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានស្នើសុំឲ្យគណៈបញ្ជាការឯកភាពខេត្ត កម្លាំងសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងលើបទល្មើសគ្រប់ប្រភេទ ការគ្រប់គ្រងអាវុធខុសច្បាប់ បង្កើនសមត្ថភាពត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់៕