(ភ្នំពេញ)៖ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយព្រែកប្រា ជាង២០០គ្រួសារ បានទៅរស់នៅទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់ ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀត ដែលធ្វើឲ្យពួកគាត់រីករាយសប្បាយក្នុងចិត្តយ៉ាងខ្លាំង។

ដើម្បីឲ្យដំណើរការនេះ ប្រព្រឹត្តទៅដោយរលូន អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពប្រឡាយព្រៃកប្រា ខណ្ឌច្បារអំពៅនេះ ដើម្បីឈានទៅធ្វើការស្ដារ ក៏ដូចជាស្ថាបនា និងចាក់ស៊ីផាយនៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះ មានផ្លូវបេតុងស្អាតរួចរាល់។

លោក ឃួង ស្រេង បានលើកឡើងថា ជាយុទ្ធសាស្ត្រស្ដារប្រឡាយ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ដែលជាអនុសាសរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយចំនួនជាង២០០គ្រួសារ ទៅរស់នៅទីតាំងមួយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់កម្មសិទ្ធិស្របច្បាប់ជូន ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀត ដែលធ្វើឲ្យពួកគាត់រីករាយសប្បាយក្នុងចិត្ត និងរីករាយសហការជាមួយអាជ្ញាធរ ដែលអាចបំពេញភារកិច្ច អភិបាលកិច្ចជូនប្រជាពលរដ្ឋដើម្បីរំដោះទឹក។

អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពិនិត្យ និងធ្វើការសិក្សានៅទីតាំងខាងលើនេះ ឲ្យបានច្បាស់លាស់ ដើម្បីឲ្យដំណើរការនៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយនេះ ឲ្យបានលឿនមុនរដូវវស្សាមកដល់។

ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនា ចាក់ស៊ីផាយប្រឡាយនេះរួចរាល់ នឹងស្ថាបនាស្ថានីយ៍បូមទឹក នៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនាជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយ នៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះត្រូវបានប្រជាពលរដ្ឋរំលោភ និងរស់នៅលើប្រឡាយនេះតែម្តង ដែលបានបង្កឲ្យស្ទះចរន្តផ្លូវទឹកហូរ។ ជុំវិញបញ្ហានេះ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌធ្វើការដោះស្រាយ ដើម្បីសូមឲ្យប្រជាពលរដ្ឋរុះរើចេញពីលើប្រឡាយព្រែកប្រា ដោយស្ម័គ្រចិត្ត។

លោកបន្តថា ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ មានចំនួន២២៩គ្រួសារ តែមកដល់ពេលនេះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើចេញ មានចំនួនជាង២០០គ្រួសារហើយ ពោលគឺនៅសល់តែចំនួន២៤គ្រួសារប៉ុណ្ណោះ ដែលពួកគាត់មិនទាន់បានរុះរើចេញពីលើប្រឡាយ។ ប៉ុន្តែទោះបីយ៉ាងណាក្តី អាជ្ញាធរ និងជំរុញការដោះស្រាយជាមួយប្រជាពលរដ្ឋទាំង២៤គ្រួសារនេះ ឲ្យបានលឿនដើម្បីឲ្យដំណើរការនៃការស្ដារប្រឡាយ ក៏ដូចជាការបុកស៊ីផាយ ដំណើរការទៅដោយរលូន នៅមុនរដូវវស្សាមកដល់៕