(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សន្តិភាព គឺជាតម្រូវការធំសម្រាប់ជាតិ ប៉ុន្តែមានសន្តិភាពហើយ គឺត្រូវធានាឱ្យបាននូវសន្តិសុខ។ សម្តេចធិបតី បានថ្លែងដែរថា ផ្ទះរបស់យើងល្អ តែគ្មានមនុស្សមក តើមានន័យអ្វី?
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី បានថ្លែងបន្ថែមថា កម្ពុជា បានប្រើពេលជាច្រើនឆ្នាំក្នុងការបង្ហាញរូបភាពសន្តិភាពនៅកម្ពុជា តែបញ្ហាសន្តិសុខរយៈពេលប្រមាណ ៦ខែ បានបំផ្លាញរូបភាពល្អរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវការជិត ២០ឆ្នាំក្រោយពីសង្គ្រាមបញ្ចប់ ដើម្បីកសាងរូបភាពប្រទេសកម្ពុជា ថាជាប្រទេសសន្តិភាព គេមកលេងអង្គរច្រើន តែការបំផ្លាញធ្វើឲ្យប៉ះពាល់សន្តិសុខ ត្រូវការតែ ៦ខែគត់ ព័ត៌មាន ២ឬ៣ ចេញតាមទូរទស្សន៍អន្តរជាតិ ខូចឈ្មោះអស់បាត់ ហើយយើងត្រូវធ្វើឡើងវិញ។ តែយើងត្រូវគិតរឿងសំខាន់បំផុត កុំឲ្យគេមានភស្តុតាងយកទៅចាប់កំហុសយើង គឺត្រូវលុបបំបាត់បញ្ហា អសន្តិសុខ ជាពិសេសនៅខេត្តព្រះសីហនុនេះតែម្តង»។
សម្តេចធិបតី បានបន្តថា «អីចឹងត្រូវធានានិរន្តរភាព។ មិនខ្វះទេ នៅលើពិភពលោក នៅក្នុងប្រទេសនៅក្នុងទីក្រុងជាច្រើន ដែលធ្លាប់តែអ៊ូរអរកាលពី ២០ឆ្នាំមុន ឥលូវលែងមានមនុស្សទៅដោយសារតែលែងមានសន្តិភាព នៅអាមេរិកក៏មាន នៅកន្លែងណាក៏មាន។ នៅក្នុងក្រុងមួយ តំបន់ខ្លះគេមិនហ៊ានទៅ ដោយសារតែអសន្តិសុខ តែ ១០ឆ្នាំមុន ជាកន្លែងលូតជាងគេបំផុត។ ឥលូវ តែអត់មនុស្សទៅ ផ្ទះសេដ្ឋកិច្ចបិទទាំងអស់ អីចឹងកិច្ចការងារនេះជាកិច្ចការដែលត្រូវដើរទន្ទឹមគ្នា។ សន្តិសុខយើងមានហើយ សន្តិភាពយើងមានហើយ ដាច់ខាតត្រូវការពារឲ្យបាន នេះជាគន្លឹះធំណាស់ទូទាំងប្រទេស មិនមែនតែខេត្តព្រះសីហនុទេ។ ដាច់ខាតត្រូវការពារឲ្យបាននូវសន្តិភាព។ សន្តិភាពយើងមានហើយ ត្រូវការសន្តិសុខ សុវត្ថិភាព»។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបិទទីតាំងជួលបាញ់កាំភ្លើងក្នុងខេត្តព្រះសីហនុ ហើយមិនអនុញ្ញាតឱ្យមានការបើកទៀតនោះឡើយ។ សម្តេចធិបតី បានថ្លែងថា អ្នកមកលេងខេត្តព្រះសីហនុ មិនបាច់មកហាត់បាញ់កាំភ្លើងនោះទេ ហើយរាជរដ្ឋាភិបាលកំពុងរៀបចំ ស.ជ.ណ ពាក់ព័ន្ធកន្លែងបាញ់ស៊ីបរបស់ឯកជន។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបានលើកឡើងពីបទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងតំណាក់កាលឆ្លងកាត់អស់រយៈជាង ២ទសវត្សរ៍ នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានដាក់ចេញនូវគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ផងដែរ ដើម្បីសន្តិសុខសក្នុងសហគមន៍៕