(ព្រះសីហនុ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវការណែនាំ៦ចំណុច ដល់ក្រុមការងារ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅក្នុងការអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួបានជោគជ័យ ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា។
ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា រាជរដ្ឋាភិបាលបានដាក់ការរំពឹងខ្ពស់ ទៅលើការអនុវត្តកម្មវិធីពិសេសនេះឱ្យសម្រេចបានជោគជ័យ ដែលការនេះ នឹងផ្តល់ជាមូលដ្ឋានដ៏មានសារៈសំខាន់ ជាពិសេសបទពិសោធន៍ និងមេរៀនល្អៗ សម្រាប់ការបន្តរៀបចំ និងជំរុញការអនុវត្តផែនការមេដើម្បីអភិវឌ្ឍន៍ និងជំរុញការវិនិយោគក្នុងទីតាំងសេដ្ឋកិច្ចសំខាន់ដ៏ទៃទៀតរបស់កម្ពុជា។
ក្នុងន័យនេះសម្តេចបានផ្ដល់នូវការណែនាំបន្ថែមមួយចំនួន ដល់ក្រុមការងារ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធនៅក្នុងការ អនុវត្ត «កម្មវិធីពិសេស» នេះ ដូចតទៅ ៖
ទី១. ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវបន្តបំពេញភារកិច្ច ដោយសកម្មក្នុងឆន្ទៈមោះមុត និងមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវ និងកិច្ចសហការខ្ពស់ ក្នុងការអនុវត្ត«កម្មវិធីពិសេស» ឱ្យសម្រេចបានជោគជ័យ និង លទ្ធផលជាក់ស្ដែងតាមការរំពឹងទុក។
ទី២. ក្រុមការងារ រួមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយ «កម្មវិធីពិសេស»នេះឱ្យបានទូលំទូលាយ, ពន្យល់ឱ្យបានច្បាស់ និង ត្រឹមត្រូវ និងធ្វើបដិសណ្ឋារកិច្ចឱ្យបានល្អដល់វិនិយោគិន និងធុរជនដែលចូលមកទាក់ទងធ្វើការងារពាក់ព័ន្ធនឹង គម្រោងវិនិយោគរបស់ខ្លួន ដើម្បីទទួលបាននូវការលើកទឹកចិត្ត ក្នុងការអនុគ្រោះ និង ការគាំទ្រនានាពីរាជរដ្ឋាភិបាល។
ទី៣. ក្រុមការងារត្រូវខិតខំព្យាយាម មានវិធីសាស្ត្រល្អ និងបំពេញភារកិច្ច ដោយស្វាហាប់ ក្នុងការទាក់ទាញការវិនិយោគ, ការថែទាំ និងការដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមរបស់វិស័យឯកជនព្រមទាំងត្រូវផ្ដល់កិច្ចសហការជិតស្និទ្ធដល់ វិស័យឯកជន។
ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវខិតខំ និងចូលរួមផ្តល់កិច្ចសហការល្អ ពិសេសត្រូវផ្ដល់ការសម្របសម្រួលខ្ពស់ និងត្រូវធ្វើប្រតិភូកម្ម សិទ្ធិអំណាចពេញលេញដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធី ពិសេសនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងជោគជ័យក្នុងការបំពេញការងារ ។
ទី៥. ក្រៅពីរបាយការណ៍ជាទៀងទាត់តាមកាលកំណត់ ក្រុមការងារក៏មានកាតព្វកិច្ច រាយការណ៍បន្ទាន់ដោយឥតបង្អង់ជូនដល់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំនូវការណែនាំ ឬ ការដាក់ ចេញនូវវិធានការចាំបាច់នានា សំដៅដោះស្រាយឱ្យបានទាន់ពេលនូវបញ្ហាជាក់ស្តែងនានាក្នុងការអនុវត្ត «កម្មវិធីពិសេស» នេះ។
និងទី៦. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត, ជាពិសេស វិស័យឯកជន ក៏ចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ ដល់ក្រុមការងារ ក៏ដូចជាគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ ប្រមុខរាជរដ្ឋាភិបាលក្នុងស្មារតីនៃការកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធីពិសេសនេះ។
សូមជម្រាបថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់៕