(ព្រះសីហនុ)៖ ថ្លែងចេញពីខេត្ដព្រះសីហនុ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងពិចារណា បង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលសម្រាប់តែអ្នកវិនិយោគ មកពីប្រទេសតែមួយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានកំពុងតែរៀបចំដាក់ឲ្យអនុវត្ដ ​និងកសាងរៀបចំនូវ​ប្រភេទតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបំពេញបន្ថែមទៅតំបន់សេដ្ឋកិច្ចពិសេស រូបមន្ដដែលយើងមានស្រាប់»

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា «តំបន់សេដ្ឋកិច្ចពិសេស ដែលយើងរៀបចំ ទៅថ្ងៃអនាគត គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលអាចសម្រួចទៅប្រភេទឧស្សាហកម្មណាមួយ។ យើងកំពុងតែរៀបចំ គោលនយោបាយ និងរៀបចំសាកល្បងនៅតំបន់សេដ្ឋកិច្ច សម្រាប់ទាក់ទាញការវិនិយោគ ទៅលើបច្ចេកវិទ្យាបៃតង, ឧស្សាហកម្មបៃតង និងផ្នែកឌីជីថល»

បើតាមការបញ្ជាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសនេះ គឺសម្រាប់តែការវិនិយោគ លើបច្ចេកវិទ្យាបៃតង, ឧស្សាហកម្មបៃតង និងផ្នែកឌីជីថល តែប៉ុណ្ណោះ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាក៏កំពុងសិក្សា និងរៀបចំនូវតំបន់សេដ្ឋកិច្ចពិសេស សម្រាប់វិនិយោគិន ពីប្រទេសមួយតែម្ដង ដែលសម្រាប់វិនិយោគ ពីប្រទេសណាមួយ តាមការជាក់ស្ដែង ដែលកម្ពុជាអាចធ្វើ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ច គឺសម្រាប់គ្រប់ឧស្សាហកម្ម និងគ្រប់ប្រទេសទាំងអស់ ដូច្នេះការរៀបចំបន្ថែមនេះ ដើម្បីបំពេញបន្ថែម ដោយមិនមែនទៅជំនួស ឬក៏ប្រកួតប្រជែងនោះទេ៕