(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក ចូសិប បូររែល ហ្វូនតេល (Josep BORRELL FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជា អនុប្រធានគណៈកម្មការអឺរ៉ុប លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១-០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

នៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ លើប្រធានបទស្តីពីវិបុលភាពរួមគ្នា ភាពធន់នៃ សេដ្ឋកិច្ច និងការវិនិយោគ ក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងតំបន់ទាំងពីរ ព្រមទាំងទាញយក អត្ថប្រយោជន៍ពីភាពខ្លាំងរបស់តំបន់ទាំងពីរ ដើម្បីជំរុញសន្ទុះកំណើនថ្មីប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍដោយចីរភាព។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ នឹងត្រូវដឹកនាំដោយសហប្រធាន ចំនួនពីរគឺ សាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-សហភាពអឺរ៉ុប និងសហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុប នឹងធ្វើការតាមដានលើការ សម្រេចចិត្តរបស់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២២ និងពិនិត្យលើវឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (ឆ្នាំ២០២៣-២០២៧)។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសក៏នឹងផ្លាស់ប្តូរយោបល់ស្តីពីទិសដៅអនាគត ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្ដីបារម្ភនិងផលប្រយោជន៍រួម ដើម្បីពន្លឿនភាពជាដៃគូ យុទ្ធសាស្ត្រអាន-សហអឺរ៉ុប និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព សម្រាបប្រជាជន និងតំបន់ទាំងពីរ។

ក្នុងអំឡុងពេលនៃការស្នាក់នៅទីក្រុងព្រុចសែល លោកឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគី ដាច់ដោយឡែកជាមួយសមភាគីមកពីប្រទេសសមាជិកសហភាពអឺរ៉ុប និងដៃគូ អភិវឌ្ឍន៍នានា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕