(កំពង់ឆ្នាំង)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ កងទ័ពកម្ពុជា បានទស្សនានូវបច្ចេកទេសបង្ហោះដ្រូនធុន CW-15 និង CW-40 ដែលបង្ហាញដោយ ក្រុមហ៊ុនចិន CATIC នៅព្រលានយន្តហោះយោធាខេត្តកំពង់ឆ្នាំង ដែលជាបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងការស៊ើបការណ៍យោធា។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារបច្ចេកទេស​ នៃ​ក្រសួង​ការពារជាតិ បានឱ្យដឹងថា គោលបំណងនៃការបង្ហោះដ្រូនធុន CW-15 និង CW-40 របស់ក្រុមហ៊ុនចិន CATIC នេះ គឺដើម្បីបង្ហាញពីលក្ខណៈបច្ចកទេស ប្រសិទ្ធភាពរបស់ដ្រូនដែលបម្រើដល់ការស៊ើបការណ៍ និងកិច្ចការយោធា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ការវិវត្តរីកចម្រើននៃបច្ចេកវិទ្យាមានសន្ទុះយ៉ាងលឿន មិនអាចប៉ាន់ស្មានបាន ជាពិសេសបច្ចេកវិទ្យាដ្រូនបានបម្រើឱ្យសេចក្តីត្រូវការរបស់មនុស្សជាច្រើន ក្នុងគោលដៅស៊ីវិល និងយោធា ក្នុងនោះការបម្រើការងារយោធា ដូចជា ការស៊ើបការណ៍ ការវាយកម្ទេច ការទប់ទល់គ្រប់ស្ថានភាព និងគ្រប់អាកាសធាតុជាដើម ហើយការរីកចម្រើននៃបច្ចេកវិទ្យាដ្រូនបានវិវត្តឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ កត្តានេះហើយបានធ្វើឱ្យបបណ្តាប្រទេសជាច្រើនបានខិតខំពង្រឹងពង្រីកគ្រឿងបំពាក់ដ្រូនតាមសេចក្តីត្រូវការជាក់ស្ដែងរបស់ខ្លួន។ ក្រៅពីនោះ ក៏បានដាក់ចេញនូវវិធានការគ្រប់គ្រងដោយច្បាប់ ទាំងការផលិត ការនាំចូល និងការប្រើប្រាស់ ព្រមទាំងរៀបចំគ្រឿងបំពាក់ក្នុងការទប់ស្កាត់ដ្រូនគ្រប់ប្រភេទទៀតផង។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ក្រុមហ៊ុន CATIC ជាក្រុមហ៊ុនមួយដែលមានឯកទេសក្នុងការផលិត នាំចេញឧស្សាហកម្មអាកាសចរណ៍ចិន កន្លងមក ដោយបានការអនុញ្ញាតពីរដ្ឋាភិបាលចិន ក្រុមហ៊ុនបាននាំចេញមកឱ្យកងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទ មានយន្តហោះ និងគ្រឿងបរិក្ខារអាកាសចរណ៍ ដូចជា៖ Y-12 និង Z-9 ជាដើម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តទៀតថា ការបង្ហាញការបង្ហោះដ្រូនធុន CW-15 និង CW-40 របស់ក្រុមហ៊ុន CATIC ក្នុងឱកាសនេះ គឺជាកិច្ចសហការថ្មីមួយទៀតរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន តាមរយៈអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងក្រុមហ៊ុន CATIC ដើម្បីបង្ហាញពីលក្ខណៈបច្ចេកទេសដូន មុខងារ និងតួនាទីរបស់ដូន ក្នុងគោលដៅបម្រើកិច្ចការស៊ីវិល និងកិច្ចការយោធា។ ជាការពិត ដ្រូនមានច្រើនប្រភេទ និងបច្ចេកខុសៗគ្នា តែការយកមកបង្ហាញក្នុងឱកាសនេះ ក្រុមហ៊ុន CATIC បាននាំយកដ្រូនចំនួន២ប្រភេទប៉ុណ្ណោះ ដើម្បីឱ្យភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិបានស្វែងយល់អំពីលក្ខណៈប្រសិទ្ធភាពដ្រូនបម្រើឱ្យការងារយោធា និងស៊ីវិល ព្រមទាំងការបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យារបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា ដើម្បីបង្ហាញអំពីបច្ចេកវិទ្យារបស់សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសបច្ចេកវិទ្យាដ្រូនដែលមានការរីកចម្រើនយ៉ាងលឿន ហើយដ្រូនក៏មានច្រើនប្រភេទដែលអាចប្រើប្រាស់គ្រប់ស្ថានភាពទាំងយុទ្ធសាស្ត និងយុទ្ធវិធី និងដើម្បីកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទអំពីបច្ចេកវិទ្យាដ្រូនក្នុងការបំពេញភារកិច្ច ការពារជាតិ មាតុភូមិ និងសន្តិសុខជាតិទទួលបានជោគជ័យថែមទៀត។

លោកនាយឧត្តមសេនីយ៍ បានសំណូមពរឱ្យអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បន្តទំនាក់ទំនងជាមួយក្រុមហ៊ុន CATIC បន្ថែមទៀត ដើម្បីសិក្សាអំពីសេចក្តីត្រូវការដ្រូនសម្រាប់បម្រើឱ្យកងយោធពលខេមរភូមិន្ទក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខជាតិ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

លោកវរសេនីយ៍ឯកពិសេស តាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាប្រចាំស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់ដ្រូនបានធ្វើឱ្យល្អប្រសើរឡើងនូវការពិនិត្យស្ថានភាពសមរភូមិកាន់តែមានប្រសិទ្ធភាព គាំទ្រការស៊ើបការណ៍សម្ងាត់កាន់តែទាន់ពេលវេលា និងផ្ដល់ជាយុទ្ធសាស្ត្រក្នុងស្ថានភាពប្រថុចញុចផ្សេងៗ។

តាមរយៈការបង្ហោះនេះ ភ្ញៀវអ្នកទស្សនានឹងធ្វើឱ្យកាន់តែយល់ច្បាស់អំពីតម្លៃយទ្ធសាស្ត្រផ្សេងៗគ្នា ការឈ្លប់យកការណ៍ស្មុគស្មាញ ឧបករណ៍ចាប់ចម្ងាយឡាស៊ែរ ការធ្វើប្រតិបត្តិការណ៍ ការឃ្លាំមើលព្រំដែនពីលើអាកាស ពិសេគឺអាចបញ្ជូនសារពីលើអាកាសមកកាន់មូលដ្ឋានបញ្ជាផងដែរ៕