(ព្រះសីហនុ)៖ លោកនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ បានចូលរួមបញ្ចុះបឋមសីលា សាងសង់ ស្នាក់ការសង្កេតការណ៍កោះរ៉ុង មានទីតាំងនៅលើកោះរ៉ុង ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងនោះដែរក៏មានការចូលរួមពី លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ព្រមទាំងមន្រ្តីតំណាងស្ថាប័នគន្លឹះ នៃអគ្គលេខាធិករ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត ផងដែរ។
លោកឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា ស្នាក់ការសង្កេតការណ៍កោះរ៉ុង ដែលបញ្ចុះបឋម សីលាសាងសង់ នាពេលនេះ គឺជាស្នាក់ការចុងក្រោយ បន្ទាប់ពីស្នាក់ការឡាំដាំ ក្នុងខេត្តកោះកុង ស្នាក់ការកោះតាង ក្នុងខេត្តព្រះសីហនុ និងស្នាក់ការកោះសេះ ស្ថិតក្នុងខេត្តកំពត ត្រូវបានកសាងរួច និងសម្ពោធដាក់ឲ្យប្រើប្រាស់រួចរាល់ ហើយនោះ។
លោកឧត្តមនាវីឯក បន្ថែមថា ស្នាក់ការនេះ នឹងមាននាទីប្រមូលព័ត៌មាន និងក្តាប់សភាពការណ៍សន្តិសុខនានា ក្នុងតំបន់ដើម្បីរាយការណ៍ទៅឲ្យថ្នាក់លើ ដើម្បីសហការជាមួយស្ថាប័ន ជាតិនិង អន្តរជាតិដើម្បីមានវិធានការណ៍។ ម៉្យាងទៀត ដោយភូមិសាស្រ្តកោះរ៉ុងនាពេលបច្ចុប្បន្ននេះ គឺជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ ដោយកំនើនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកំសាន្ត កើនឡើងជាលំដាប់។ ជាចុងក្រោយ លោកបានបញ្ជាក់ថា កម្លាំងស្នាក់ការសង្កេតការណ៍នេះ នឹងចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការសង្រ្គោះ ជូនដល់ភ្ញៀវទេសចរដែលជួបប្រទះគ្រោះមហន្តរាយ ជាយថាហេតុណាមួយផងដែរ៕