(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះថា គម្រោងសាងសង់ស្ពានយោល នៅភូមិដាច់ស្រយ៉ាលមួយ ស្ថិតក្នុងឃុំសុខសាន ស្រុកកោះញែក នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ដើម្បីសម្រាលក្នុងការធ្វើដំណើររបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋ បើទោះបីគ្មានសប្បុរសជនណាជួយក៏ដោយ ហើយបើត្រូវចំណាយថវិកាផ្ទាល់ខ្លួនក៏លោកមិនបោះបង់ចោលនូវគម្រោងនេះជាដាច់ខាត។
លោកអភិបាលខេត្តបានបន្ថែមថា ស្ពានដែលត្រូវសាងសងនេះ គឺជាប្រភេទស្ពានយោលធ្វើពីឈើ មានទំហំ១,៥ម៉ែត្រ គុណ៧០ម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាអស់ប្រមាណជាង១ម៉ឺនដុល្លារ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅនេះ អង្គភាព Fresh News បានចេញផ្សាយថា សិស្សសាលានៅភូមិដាច់ស្រយ៉ាល ក្នុងស្រុកកោះញែក កំពុងដង្ហោយហៅសុំឲ្យអាជ្ញាធរស្រុកខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជួយដោះស្រាយ ធ្វើស្ពានឆ្លងកាត់អូរច្បារផង ដោយសារនៅទីនេះពេលទឹក អូរឡើងខ្លាំង ពួកគាត់ត្រូវជិះក្បូនទៅសាលារៀន។
ជារៀងរាល់ឆ្នាំពេលរដូវវស្សាមកដល់ ទឹកអូរច្បារ ឡើងខ្លាំងមិនអាចធ្វើដំណើរឆ្លងកាត់ទីនេះបានទេ ពួកគេត្រូវជិះក្បូនឬស្សីមួយផ្ទាំង ជាយានចម្លងសម្រាប់នាំពួកគេមកសាលារៀន។ រូបភាព និងសកម្មភាពបែបនេះ ត្រូវបានមហាជននៅមូលដ្ឋាន បានធ្វើការរិះគន់ធ្ងន់ៗ ដល់អាជ្ញាធរស្រុកកោះញែកថា គ្មានចេតនាក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ ជាពិសេសក្មេងៗ សិស្សសាលាពិបាកក្នុងការធ្វើដំណើរមកសាលារៀនតែម្តង។
លោក សៀត គឹមសាន នាយកសាលាកែរពៅ បានលើកឡើងថា វាជារឿងពិតណាស់ នៅពេលរដូវវស្សាឈានមកដល់ ក្មេងៗសិស្សសាលាជិត ១០០នាក់ នៅក្នុងភូមិជីក្លប់ ក្រុមកែរពៅ ក្រុមកណ្តាល ក្រុមទួលខ្លុង និងក្រុមក្តីសង្ឃឹមថ្មី ពួកគេតែងតែធ្វើដំណើរមកសាលារៀន ដោយជិះក្បូនជារៀងរាល់ឆ្នាំនៅរដូវវស្សា មិនមែនតែក្មេងៗសិស្សសាលាប៉ុណ្ណោះទេ សូម្បីតែលោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរទូទៅ ក៏ធ្វើដំណើរឆ្លងកាត់ទីនោះមិនបានដែរ ព្រោះគ្មានស្ពានឆ្លងឡើយ គឺត្រូវតែជិះក្បូន។
ជាងនេះទៅទៀត បញ្ហាប្រឈមខ្លាំង គឺនៅពេលមានអ្នកជម្ងឺឈឺថ្កាត់ម្តងៗ ពិបាកជួយនាំយកទៅព្យាបាល នៅមន្ទីរពេទ្យណាស់ ដោយសារតែគ្មានស្ពានសម្រាប់ឆ្លង រីឯក្មេងៗសិស្សសាលាវិញ ក៏មានបញ្ហាច្រើនដែរពោល គឺនៅពេលទឹកជំនាន់ឡើងខ្លាំង ពួកគាត់មិនបានធ្វើដំណើរមកសាលាបានដែរ ដូច្នេះបញ្ហាទាំងអស់នេះ អាចធ្វើអោយមានអត្រានៃការបោះបង់ចោលសាលា និងអត្រាត្រួតថ្នាក់មានកំរិតមួយខ្ពស់ផងដែរ៕