(បន្ទាយមានជ័យ)៖ អាជ្ញាធរ និងមន្ទីរធនធានទឹក ខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បាននាំយកប្រេង២,០០០លីត្រ និងម៉ាស៊ីន៣គ្រឿង ដើម្បីសង្គ្រោះស្រូវប្រាំងជាង១,៥០០ហិកតា នៅឃុំសំបួរ ស្រុកមង្គលបូរី ខេត្ដបន្ទាយមានជ័យ។

លោក គង់ សុគន្ធ មេឃុំសំបួរ បានប្រាប់ថា ស្រូវប្រាំងដែលប្រជាកសិករ បង្កបង្កើនផលលើកទី២ ឆ្នាំ២០២៤នេះ មានផ្ទៃដី៣,៣០០ហិកតា ហើយប្រឈមខ្វះទឹក១,៥០០ហិកតា។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដើម្បីចុះពិនិត្យប្រជាកសិករ ដែលបង្កបង្កើនផលស្រូវលើកទី២នេះ ប្រឈមនៅពេល ដែលបង្កបង្កើនផលយឺតយ៉ាវ ត្រូវត្រៀមបម្រុងទឹកទុក សម្រាប់បង្កបង្កើនផល ជាក់ស្តែងឃុំសំបួរស្រូវប្រាំង ជាង១,០០០ហិកតា ដែលប្រឈមខ្វះទឹក ត្រូវសង្គ្រោះ ដោយជួយប្រេងម៉ាស៊ូត២ពាន់លីត្រ និងម៉ាស៊ីន៣គ្រឿង។

លោក ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ថា ជាការណែនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកដឹកនាំមន្ត្រីជំនាញ ចុះទៅពិនិត្យ និងជួយសង្គ្រោះ ដោយយកម៉ាស៊ីន និងប្រេងសម្រាប់បូមទឹកដងស្ទឹងសំបួរ ទំលាក់ចូលប្រឡាយមេ ហើយប្រជាកសិករបូមបញ្ចូលស្រូវ ដែលប្រឈមខ្វះទឹក ជាក់ស្តែងឆ្នាំ២០២៤នេះ៕