(បន្ទាយមានជ័យ)៖ មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ រៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យលើកទី៣១ ស្ថិតនៅក្នុងវត្តឧត្តមរត្យារាម ហៅវត្តត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

ពិធិនេះធ្វើឡើងក្រោមវត្តមានលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ។ ពិធីអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត លើកទី៣១ មានតែរយៈពេល ១ថ្ងៃកន្លះ គឺនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

បើតាមលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ តាមការដឹកនាំដ៏ប៉ិនប្រសប់ឈ្លាសវៃ និងម៉ឺងម៉ាត់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញលើការអភិវឌ្ឍលើគ្រប់វិស័យ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃកម្មវិធីនយោបាយយ៉ាងជាក់លាក់សម្រាប់ជាត្រីវិស័យក្នុងការងាររបស់ខ្លួនដើម្បីបម្រើប្រជាជន ដែលជាម្ចាស់ឆ្នោតបានផ្តល់នូវសេចក្ដីទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងការដឹកនាំឱ្យប្រទេសមានការរីកចម្រើនបន្ថែមទៀត។

ព្រះសមណៈញាណណាប់ មុឺន ព្រះបាឡាត់គណខេត្ត និងលោក ឃ្លោក នួយ អភិបាលរងខេត្ត មានសង្ឃដីកា និងបានថ្លែងថា សាសនា ជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ការប្រតិបត្តិសាសនា នៅក្នុងសង្គមជាតិនីមួយៗ ដែលមានជាប់ទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះផងដែរ។ អត្តសញ្ញាណ និងគុណតម្លៃរួមដឹកនាំជីវិតរស់នៅរបស់មនុស្សក្នុងសង្គមនីមួយៗ ធ្វើឱ្យផ្នត់គំនិតឥរិយាបថសកម្មភាពមនុស្សមានភាពសមរម្យ និងមានលក្ខណៈប្រហាក់ប្រហែលគ្នា អាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនាក្នុងបរិបទនេះការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទី ដើម្បីធានាថាការរីកចម្រើនខាងសម្ភារៈ និងស្មារតីត្រូវតែមានល្បឿនស្មើគ្នា ការស្វែងរកភាពមានបានខាងសម្ភារត្រូវស្ថិតនៅក្នុងក្របខណ្ឌច្បាប់យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌។

ព្រះសមណៈញាណណាប់ មុឺន ព្រះបាឡាត់គណខេត្ត និងលោក ឃ្លោក នួយ អភិបាលរងខេត្ត មានសង្ឃដីកា និងបន្តថា បានបន្តថា ដូច្នេះវាពិតជាមានភាពចាំបាច់ និងបន្ទាន់នៅក្នុងការពន្យល់ថា សង្គមមនុស្សអាចមើលឃើញពីគុណតម្លៃ និងផលប្រយោជន៍នៃការប្រព្រឹត្តត្រឹមត្រូវតាមធម៌វិន័យការគោរពច្បាប់ការលើកកម្ពស់យុត្តិធម៌ មនុស្សធម៌ សីលធម៌ គុណធម៌ និងការសន្សំបុណ្យកុសល ដើម្បីបានជាបុណ្យកុសលរួមជួយឱ្យសង្គមមានសាមគ្គីធម៌សង្គម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងក៏ជាបុណ្យកុសលសម្រាប់ជីវិតបរលោក បានទៅកាន់សុគតិភព និងបរមសុខផង។

ព្រះពុទ្ធសាសនា នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ត្រូវបានមេដឹកនាំនៃបណ្ដាប្រទេសជាច្រើនជាពិសេសប្រទេសមហាអំណាចធំៗ យល់ឃើញថាព្រះពុទ្ធសាសនា គឺជាសាសនានៃសុខសន្តិភាពអហិង្សា និងស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវលើកកម្ពស់អង្គមហាសន្និបាតព្រះមន្ត្រីសង្ឃខេត្ត បានដំណើរការទៅដោយរលូន បទអន្តរាគមន៍ របាយការណ៍ លទ្ធផលការងាររបស់សាលាអនុគណទាំង៩ស្រុក ក្រុង ងាយស្រួល លំបាកបញ្ហាប្រឈមផ្សេងៗត្រូវបានធ្វើការដោះស្រាយ៕