(ព្រៃវែង)៖ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ០១ខ្សែ( PV1 ពីភូមិព្រៃក្រឡាញ់ធំ ទៅភូមិកំពង់ទ្រា) មានប្រវែង ៨.៩៦គីឡូម៉ែត្រ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ជាប្រភេទផ្លូវកម្រាលបេតុងរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Resilient Rural Infrastructure Development)។
ពិធីនេះមានការអមដំណើពីលោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងមន្រ្តីជំនាញព្រមទាំងមានចូលរួមពីតំណាងធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korea Eximbank) ប្រចាំនៅរាជធានីភ្នំពេញ។ ផ្លូវនេះធ្វើឡើងក្រោមហិរញ្ញប្បទានដោយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ (EDCF)។
បើតាមប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានឱ្យដឹងថា ផ្លូវនេះស្ថាបនាឡើង ជាប្រភេទផ្លូវបេតុងកម្រាស់១៥សង់ទីម៉ែត្រ ទទឹងខ្នងលើសរុប៧ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលបេតុង ៦ម៉ែត្រ និងចញ្ចើមផ្លូវ ០.៥ម៉ែត្រ សងខាងជាប្រភេទក្រួសក្រហម)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនកូរ៉េ ឈ្មោះ អ៉ិលស៊ុង-គុមហូចញវេនឈ័រ (Ilsung-Kumho Joint Venture)។
ខ្សែផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំព្រៃស្រឡិត និងឃុំមេសប្រចាន់ ស្ថិតក្នុងស្រុកពារាំង។ បច្ចុប្បន្នដំណើរការស្ថាបនាម្រេចបាន ៧០% ហើយគ្រោងនឹងស្ថាបនាបញ្ចប់ទាំងស្រុងនៅត្រឹម ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានបន្តថា ខេត្តព្រៃវែង ជាខេត្តមួយក្នុងចំណោមខេត្តគោលដៅទាំង៦ របស់គម្រោង ដែលទទួលបានគម្រោងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែ ប្រវែងសរុប ២៦.៦៤គីឡូម៉ែត្រ ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុនេះ។
លោកបានបញ្ជាក់ថា គម្រោងផ្លូវមួយខ្សែខាងលើនេះ ស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ខ្ពស់ពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រោយពីស្ថាបនាផ្លូវមួយខ្សែនេះរួច ខ្សែផ្លូវនេះក៏ជាបណ្តាញតភ្ជាប់ពីជនបទទៅទីប្រជុំជនប្រកបដោយចីរភាព និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទផងដែរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅស្រុកពារាំង បានសំដែងអារម្មណ៍សប្បាយរីករាយដោយ បានទទួលផ្លូវមួយខ្សែនេះងាយស្រួលក្នុងការធ្វើដំណើរ ដែលជាការគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ៕