(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលក្រុងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាមការបញ្ជាក់ពីលោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការងារវាស់វែង និងបំពេញទម្រង់បែបបទរួចរាល់ក្រុមការងារបានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលមានរយៈពេល ១៥ថ្ងៃ (គឺចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤) ដើម្បីឱ្យម្ចាស់ក្បាលដីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបាន ច្បាស់លាស់មុនឈានដល់ការស្នើសុំចេញបណ្ណកម្មសិទ្ធិជូនម្ចាស់ក្បាលដីទាំងនោះ។

លោកប្រធានមន្ទីរ បានបន្ថែមថា សម្រាប់ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្នុងថ្ងៃនេះ សរុបមានចំនួន ២២៧គ្រួសារ ដែលមានក្បាលដីសរុបចំនួន ៧៩០ក្បាលដី ដែលបែងចែកជាប្រភេទដីកសិកម្មមានចំនួន ១៩០ក្បាលដី ដីលំនៅឋាន ៥២៧ក្បាលដី ដីរដ្ឋ២ក្បាលដី ក្នុងនោះសាលារៀន ១ក្បាលដី និងវត្ត ១ក្បាលដី និងដីគ្មានទិន្នន័យចំនួន ៧១ក្បាលដីផងដែរ។

ឱកាសនោះដែរ លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍភូមិឃុំ និងសង្គមជាតិតាមរយៈការទទួលបាននូវសុវត្ថិភាពលើការកាន់កាប់ដីធ្លី ជាពិសេសកាត់បន្ថយជម្លោះដីធ្លី នៅក្នុងខេត្តស្ទឹងត្រែង ដើម្បីឈានដល់ការសម្រេចចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដោយស្របច្បាប់មិនមានជនខិលខូចណាមករំលោភបំពានបានឡើយ។

លោក ស្វាយ សំអ៊ាង បានលើកឡើងថា បើគ្មានសុខសន្តិភាព គឺបងប្អូនគ្មានឱកាសនឹងទទួលបានទាំងការរស់នៅដោយសុខសន្តិភាព ការដើរហើរសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាពិសេសគឺគ្មានឱកាសក្នុងការកាន់កាប់ គ្រប់គ្រងដីធ្លីផ្ទះសម្បែងដោយស្របច្បាប់បានឡើយទាំងនេះ គឺជាការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរចំពោះប្រជាពលរដ្ឋដើម្បីទទួលបានបានកម្មសិទ្ធិប្រើប្រាស់ដីធ្លី ដោយស្របច្បាប់បញ្ជៀសបានពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។

លោក ស្វាយ សំអ៊ាង ក៏បានបញ្ជាក់ថា ដើម្បីឱ្យការចុះវាស់វែងកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងនេះ ឱ្យបានលឿន គឺទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ សហការជាមួយមន្ត្រីជំនាញ និងយកឯកសារពាក់ព័ន្ធគ្រប់គ្រាន់ដើម្បីបង្ហាញមន្ត្រីជំនាញដើម្បីឱ្យដំណើរការវាស់វែងនេះលឿន និងឆាប់ទទួលបានបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នា។

សូមបញ្ជាក់ផងដែរថា គិតតាំងពីចាប់ផ្តើមអនុវត្តកម្មវិធី រហូតដល់ចុងឆ្នាំ២០២៣ កន្លងទៅនេះ អនុវិស័យរដ្ឋបាលដីធ្លីក្នុងខេត្តស្ទឹងត្រែង ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាអ្នកអនុវត្តផ្ទាល់បានខិតខំបន្ត និងជំរុញការងារចុះបញ្ជីលក្ខណៈប្រព័ន្ធស្របតាមទិសដៅដែលក្រសួងបានដាក់ចេញ ក៏ដូចជាផែនការអភិវឌ្ឍរបស់ខេត្តក្នុងនោះលទ្ធផលការងារសំខាន់ៗដែលសម្រេចបានរួមមាន៖ 

-ប្រកាសតំបន់វិនិច្ឆ័យបានចំនួន៥៧ភូមិ ក្នុងចំណោមភូមិសរុបទាំង១៣៧ភូមិ
-វាស់វែង និងគូរក្បាលដី សរុបបានចំនួន ៥១,៣៩៩ក្បាលដី
-ប្រមូលទិន្នន័យ និងបញ្ចូលទិន្នន័យក្បាលដីទៅក្នុងប្រព័ន្ធDatabaseចំនួន ៥០,៥៩៣ក្បាលដី
-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចប់សព្វគ្រប់ បានចំនួន៤៩ភូមិ ស្មើនឹងក្បាលដីសរុប ចំនួន ៥១,០០១ក្បាលដី
-បានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ៤៣ភូមិ ស្មើនឹង ៣៣,១៦២ក្បាលដី៕