(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តន្ទាទោសជនជាប់ចោទក្នុងសំណុំរឿងប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើ សំណុំរឿងព្រហ្មទណ្ឌលេខ៥៧១៤ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយបានធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាងលើអង្គហេតុ និងអង្គច្បាប់ ហើយក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមលេខ ៩៣ «ថ» ក្រ៦ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយបានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទចំនួន ០៧រូបគឺ៖
ទី១. ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លាម គ័ង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារ កំណត់រយះពេល ៦ឆ្នាំ
ទី២. ឈ្មោះ អោក រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ, ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ឆ្នាំ,ឈ្មោះ ខេត ផៃមុន្នី ភេទប្រុស អាយុ២៤ឆ្នាំ,ឈ្មោះ ជួន សុភ័ក្ដ្រត្រា ភេទប្រុស អាយុ ២៤ឆ្នាំ និងឈ្មោះ ដុស សុជាតិ ភេទប្រុស អាយុ ២៦ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ៥ឆ្នាំ
ទី៣. ឈ្មោះ គេច ម៉ាច ភេទប្រុស អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ៤ឆ្នាំ ពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៦១ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមផងដែរថា ករណីខាងលើនេះជាករណីទី២ ចំពោះពិរុទ្ធជនដូចមានឈ្មោះខាងលើ ដែលធ្លាប់ត្រូវបានផ្ដន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៨៥ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ តាមអំណាចសាលក្រមលេខ៥៧៤ «ថ» ក្រ៦ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយបានសម្រេចផ្ដន្ទាទោសក្នុងម្នាក់ៗកំណត់រយៈពេលពី ៦ឆ្នាំ ដល់៩ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចបុរីមូនថោន ផ្ទះលេខ V01 ផ្លូវឌួងងៀប ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
ពិរុទ្ធជនឈ្មោះ សុខ សុវណ្ណវឌ្ឍភាសាប៊ុង ហៅ វីល្លាម គ័ង, ឈ្មោះ អោក រ៉ាម៉ន, ឈ្មោះ សុវណ្ណ រ៉ានុត,ឈ្មោះ នេត ផៃមុន្នី និងឈ្មោះ គេច ម៉ាច កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ ចំពោះពិរុទ្ធជនឈ្មោះ ជួន សុភ័ក្ត្រត្រា និងឈ្មោះ ដុស សុជាតិ ដែលកំពុងគេចខ្លួនត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនស្របតាមបញ្ញត្តិមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕