(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់បណ្ណាល័យទាំងពីរ ងាយស្រួលរកឯកសារទៅវិញទៅមក។

តាមរយៈ MoU មួយនេះ មានន័យថា អ្នកប្រើប្រាស់បណ្ណាល័យធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អាចស្វែងរកឯកសារនៅក្នុងបណ្ណាល័យ សម្តេច ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈអ្នកប្រើប្រាស់បណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏អាចស្វែងរកឯកសារក្នុងបណ្ណាល័យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា វិញផងដែរ នៅក្នុង Cataloque តាមរយៈប្រព័ន្ធ Internet ។

ពិធីចុះហត្ថលេខាលើ MoU ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងឱកាសនោះ លោកបណ្ឌិត ជេត ជាលី បានលើកឡើងថា គោលបំណងនៃ MoU គឺចង់ពង្រីកជើងមេឃឲ្យធំជាងមុន ខណៈក្នុងមួយថ្ងៃៗ មានអ្នកបានចូលបណ្ណាល័យសម្តេច ហ៊ុន សែន ចន្លោះពី ៥០០ ទៅ ៧០០នាក់ ដែលមានទាំងនិស្សិត អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ព្រមទាំងអ្នកមកពីខាងក្រៅផងដែរ។ បន្ថែមលើនេះ សម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺចំណេញច្រើន ដោយឲ្យនិស្សិត អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យ បានយល់ដឹង និងបានទទួលឯកសារពាក់ព័ន្ធនឹងខ្មែរក្រហមកាន់តែច្រើន។

លោកបណ្ឌិត ជេត ជាលី បានបញ្ជាក់យ៉ាងដូច្នេះថា «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ផ្ទុកឯកសារ និងមានជំនាញខាងរឿងក្តីខ្មែរក្រហម អីចឹងយើងក៏មានអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងអ្នកស្រាវជ្រាវអំពីខ្មែរអី រកសៀវភៅប្រវត្តិសាស្ត្រ រកសៀវភៅអ្វីៗនៅយើងនេះ ប្រសិនជាទាក់ទងនឹងខ្មែរក្រហម អាចស្វែងរកទៅឃើញឯកសារនៅបណ្ណាល័យរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយអ្នកប្រើប្រាស់ចង់ខ្ចីសៀវភៅក៏មានភាពងាយស្រួល»។

ជាមួយគ្នានេះ លោក ហែម ក្រាញ់ តូនី បានថ្លែងថា ឆ្លងតាមដំណើរការកាត់សេចក្តីទៅលើសំណុំរឿងទាំងអស់របស់ខ្លួន អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបន្សល់ទុកបណ្ណសារតុលាការ ដែលមានចំនួនសរុបប្រមាណជិត ២,៤លានទំព័រ ដែលមាន ៣ភាសា (ខ្មែរ អង់គ្លេស បារាំង) វីដេអូសវនាការជាង ១០០០ម៉ោង និងជនរងគ្រោះនៃរបបខ្មែរក្រហម ចំនួនជាង ១១០០០នាក់ បានដាក់ចម្លើយរបស់ខ្លួននៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងនោះមានជនរងគ្រោះចំនួន ៦៨៧៥នាក់ បានចូលរួមក្នុងដំណើរការនីតិវិធីតុលាការក្នុងនាមជាដើម្បីបណ្តឹងរដ្ឋប្បវេណី។ ក្រៅពីនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក៏បង្កើតឲ្យមានជាថ្នាលឌីជីថលគំរូមួយ ក្នុងការជួយសម្រួលដល់ដំណើរការជំនុំជម្រះក្តី និងការគ្រប់គ្រងសំណុំរឿង ដោយប្រើប្រាស់ប្រព័ន្ធឌីជីថល។

លោក ហែម ក្រាញ់ តូនី បានបញ្ជាក់យ៉ាងដូច្នេះថា «ជាមួយនឹងធនធានទាំងផ្នែកឯកសារ និងផ្នែកឌីជីថល ដែលមានស្រាប់របស់មជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ខ្ញុំជឿជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងអនុវត្តគម្រោងរួមគ្នាប្រកបដោយជោគជ័យ ដូចមានគូសបញ្ជាក់ នៅក្នុងខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នា។ ក្នុងចំណោមគម្រោង ដែលបានលើកឡើងទាំងនោះ ជាពិសេស គម្រោងការចូលប្រើអន្តរបណ្ណាល័យ រួមមានឯកសារបោះពុម្ព និងធនធានផ្នែកឌីជីថល រវាងបណ្ណាល័យទាំងពីរ នឹងផ្តល់នូវការចូលប្រើប្រាស់ធនធានយ៉ាងទូលំទូលាយ និងជួយសម្រួលដល់ការស្រាវជ្រាវរបស់និស្សិត សិស្ស សាស្ត្រាចារ្យ អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ នឹងអ្នកប្រើប្រាស់បណ្ណាល័យផ្សេងទៀតរបស់យើងផងដែរ»។

សូមជម្រាបថា បណ្ណាល័យ សម្តេច ហ៊ុន សែន គឺជាបណ្ណាល័យដ៏ធំមួយ នៅរាជធានីភ្នំពេញ និងជាអគាស្ថាបត្យកម្មមួយ ដែលរងឥទ្ធិពលពីស្ថាបត្យកម្មទំនើប និងត្រូវបានបើកដំណើរការនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៧ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។ នៅចុងឆ្នាំ២០១១ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីធនាគារពិភពលោក និងក្រសួងអប់រំ យុវជន និងកីឡា បណ្ណាល័យសម្តេច ហ៊ុន សែន បានចាប់ផ្តើមសាងសង់អគារថ្មីបន្ថែមមួយទៀត ដែលត្រូវបានរួមបញ្ចូលយ៉ាងពេញលេញជាមួយអគារដើម ហើយនេះគឺជាជំហានមួយទៀត ក្នុងការផ្តល់នូវបណ្ណាល័យល្អៗនៅក្នុងសាកលវិទ្យាល័យ។ បណ្ណាល័យនេះ ត្រូវបានបំពាក់ដោយបរិក្ខារទំនើប និងបរិយាកាសទាក់ទាញ និងមានផាសុកភាពសម្រាប់អ្នកប្រើប្រាស់ហើយបណ្ណាល័យនេះផងដែរ សក្តិសមបំផុតសម្រាប់អ្នក កំពុងស្វែងរកព័ត៌មានចំណេះដឹងផ្សេងៗ។

បន្ថែមលើនេះ ក្រៅតែពីមានបណ្ណាល័យនៅបរិវេណអគារទីស្តីការគណៈរដ្ឋមន្ត្រីនោះ នៅក្នុងអាណត្តិមុខងារសេសសល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គ្រោងដាក់ឲ្យដំណើរការបណ្ណាល័យរថយន្តក្រុងចល័ត ដែលជាផ្នែកមួយនៃការពង្រីកវិសាលភាព នៃមជ្ឈមណ្ឌលធនធាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការអនុវត្តសកម្មភាពផ្សព្វផ្សាយ និងសកម្មភាពអប់រំឲ្យបានទូលំទូលាយ និងបម្រើសហគមន៍ និងជាពិសេសដើមបណ្តឹងរដ្ឋប្បវេណី ដែលរស់នៅក្នុងតំបន់ដែលមានភូមិសាស្ត្រដាច់ស្រយាល៕