(កំពង់ឆ្នាំង)៖ ពិធី «ផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១» ធ្វើឡើងនៅកម្មវិធីនេះរៀបចំឡើងនៅក្នុងបរិវេណ វត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជតំណាងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

ពិធី «ផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១» ប្រារព្ធឡើង នាថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និង សាសនា និងលោក យិន សាវ៉េន អភិបាលរង តំណាងលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំមន្រ្តីសង្ឃ ខេត្ត ស្រុក និងគណៈកម្មការ អាចារ្យវត្ត និងថ្នាក់ដឹកនាំ គ្រីស្ទសាសនា ឥស្លាមសាសនាក្នុងខេត្ត។

នៅក្នុងឱកាសជួបជុំថ្នាក់ខេត្តនេះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បានផ្សព្វផ្សាយនូវខ្លឹមសារទាំងស្រុងនៃសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ព្រមទាំងស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យមានប្រយោជន៍ដូចជា៖
១៖ សម្រាប់ផ្សព្វផ្សាយព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិ
២៖ ការរៀបចំវត្តអារាមឱ្យក្លាយទៅជាតំបន់ទេសចរណ៍បែបពុទ្ធសាសនា ពិសេសគឺសូមបង្កើតឱ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។
៣៖ វត្តអារាមដែលមិនទាន់មានប្លង់ត្រឹមត្រូវតាមច្បាប់ ស្នើសុំឱ្យព្រះចៅអធិការ សហការមួយអាជ្ញាធរ
មូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើព្រំដីវត្តអារាមឱ្យបានត្រឹមត្រូវដើម្បីការពារការបាត់បង់ដីវត្តដោយប្រការណាមួយ។
៤៖ សូមព្រះចៅអធិការបន្តចងក្រងប្រវត្តិវត្តនិងចូលរួមថែរក្សាសំណង់បុរាណ និងអភិរក្សកន្លែងប្រវត្តិសាស្រ្តរបស់វត្តឱ្យក្លាយជាអារាមទេសចណ៍ជាមរតកដ៏មហាសាល។

យោងតាមរបាយការណ៍របស់មន្ទីរធម្មការ និងសាសនា បានបញ្ជាក់ថា៖
ក៖ វិស័យព្រះពុទ្ធសាសនា
១៖ ខេត្តកំពង់ឆ្នាំងមានវត្តចំនួន ២១៩វត្ត និងអាស្រម ១៤ ក្នុងនោះវត្ត និងអាស្រមគណៈមហានិកាយមាន ចំនួន២២៩ និងវត្តធម្មយុត្តិកនិកាយចំនួន ០៤ សរុបរួមចំនួន ២៣៣វត្ត និងមានព្រះសង្ឃគង់ចាំព្រះវស្សាសរុប ២ ៦០០អង្គ (ភិក្ខុ៧២៣អង្គ,សាមណេរ១ ៨៧៧អង្គ) សង្ឃគណៈមហានិកាយចំនួន ២ ៥៤៤អង្គ (ភិក្ខុ ៧១៩អង្គ, សាមណេរ ១ ៨២៥អង្គ )។
២៖ ចំពោះព្រះសង្ឃគណៈធម្មយុត្តិកនិកាយចំនួន ៥៦អង្គ (ភិក្ខុ ០៤អង្គ, សាមណេរ ៥២អង្គ )
៣៖ តាជីសរុបចំនួន ចំនួន ៥៤រូប, យាយជីសរុបចំនួន ៣៨៧រូប, សិស្ស និស្សិតដែលមកស្នាក់នៅក្នុងវត្ត ១៤៣ សរុបចំនួន ៦១៩រូប គណៈកម្មការវត្តទូទាំងខេត្តមានចំនួន ២ ៩៣៧រូប ។
៤៖ អាចារ្យទូទាំងខេត្តសរុបចំនួន៦១៩រូប និងគណៈកម្មការវត្តទូទាំងខេត្តមានចំនួន២៩៣៧រូប។
៥៖ កម្មវិធីផ្សព្វផ្សាយព្រះធម៌តាមស្ថានីយវិទ្យុក្នុងខេត្តកំពង់ឆ្នាំងមានចំនួន ០៦ស្ថានីយ៍ និងមានក្រុមសន្ទនាធម៌ តាមវិទ្យុ និងសម្តែងធម្មទេសនាចំនួន ៤២ក្រុម ។
៦៖ សមាគមអាចារ្យថ្នាក់ខេត្តមាន ០១សាខា ថ្នាក់ដឹកនាំសរុប ២០រូប គឺ ៖ ប្រធានកិត្តិយស ២រូប, ប្រធាន ០១រូប អនុប្រធាន ០៣រូប និងសមាជិក ១៤រូប ។ មួយវិញទៀតចំពោះសមាគមអាចារ្យថ្នាក់ក្រុង/ស្រុកមាន ០៨អនុសាខា មានថ្នាក់ដឹកនាំសរុប ៥៩រូប គឺ៖ ប្រធានកិត្តិយស ០៨រូប ប្រធាន ០៨រូប, អនុប្រធាន ១៥រូប និងសមាជិក ២៧រូប ។

ខ៖ វិស័យពាហិរសាសនា
ក្នុងខេត្តកំពង់ឆ្នាំងមានពាហិរសាសនាចំនួន ០៤ គឺ ពុទ្ធសាសនាមហាយាន ឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនាបាហៃ ។ ១.ព្រះពុទ្ធសាសនាមហាយាន ៖ មានវិហារ ០៩កន្លែង, មជ្ឈមណ្ឌល ០១កន្លែង, វិទ្យាស្ថាន ០១កន្លែង និង សាលារៀន ០៣កន្លែង បរិស័ទសរុបចំនួន ៤ ៤២១នាក់ (ស្រីចំនួន ២ ២៥៤នាក់) ។ ២.ឥស្លាមសាសនា មាន ០៣និកាយ គឺ ៖ ( និកាយកនស៊ីម៉ាំសាន់,និកាយសាហ្វីអ៊ុ និងនិកាយអះម៉ាឌីយ៉ា ) មានវិហារ ៦១កន្លែង, ស៊ូរ៉ាវ ៥០កន្លែង, មជ្ឈមណ្ឌល ០១កន្លែង និងសាលារៀន ៦១កន្លែង បរិស័ទ សរុបចំនួន ៤២ ៦៦៩នាក់ (ស្រីចំនួន ២៣ ០៩៧នាក់) ។ ៣.គ្រីស្ទសាសនា មាន ០៤និកាយ គឺ៖ (និកាយប្រូតេស្តង់, និកាយកាតូលិក, និកាយបាប់ទីស្ទ និងនិកាយ ណាស្សារិន) មានវិហារ ៧៣កន្លែង,ស្នាក់ការ ៤២កន្លែង,ក្រុមជុំនុំ ៤៧កន្លែង,មជ្ឈមណ្ឌល ០៤កន្លែង និងសាលារៀន ៤៥កន្លែង បរិស័ទសរុបចំនួន ៤ ៣០៤នាក់ (ស្រីចំនួន ២ ៥៤៣នាក់) ។ ៤.សាសនាបាហៃ មាន ០១និកាយ មាន ០១កន្លែង (គឺជាស្នាក់ការ) មានសាលារៀន ០១កន្លែង មានបរិស័ទ សរុបចំនួន ៥០នាក់ (ស្រីចំនួន ៣៥នាក់)។

គ៖ វិស័យពុទ្ធិកសិក្សា
* ខេត្តកំពុងឆ្នាំង មាន ៨៣សាលា ស្មើនឹង ៩០ថ្នាក់ សមណសិស្ស/សិស្សសរុបចំនួន ១ ៣០៧អង្គ/នាក់ ។
* ពុទ្ធិកមធ្យមសិក្សាបឋមភូមិ មានគ្រូជួលចំនួន ១៤អង្គ/នាក់ មាន ០១សាលា ស្មើនឹង០៤ថ្នាក់ សមណសិស្ស/សិស្សសរុបចំនួន ២១៦អង្គ/នាក់ ។
* ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មានគ្រូជួលចំនួន ១៣អង្គ/នាក់ មាន០១សាលា ស្មើនឹង០៣ថ្នាក់ សមណសិស្ស/សិស្សសរុបចំនួន ៦៧អង្គ/នាក់ ៕