(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចង្អុលបង្ហាញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងពាណិជ្ជកម្ម រួមគ្នាគិតគូររៀបចំប្រព័ន្ធបង្កកគ្រឿងក្នុងសាច់សត្វ គ្រាដែលកម្ពុជាហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកកកមួយចំនួនពីក្រៅប្រទេស។

ការណែនាំយ៉ាងដូច្នេះរបស់សម្ដេចធិបតីធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលត្រូវមានការធានា២ចំណុច៖ ការធានាទី១គឺជួយឱ្យកសិផលរបស់កសិករមានតម្លៃថ្លៃ ទទួលបានផលចំណេញខ្ពស់ និងធានាទី២កុំឱ្យមានអតិផរណាថ្លៃ ការដោះស្រាយជូនកសិករ គឺកាត់បន្ថយថ្លៃផលិត។

សម្ដេចធិបតីបានបន្តថា កន្លងទៅ រាជរដ្ឋាភិបាលបានចេញគោលការណ៍អនុគ្រោះជាច្រើន ដូចជាការមិនយកពន្ធដីធ្វើស្រែចម្ការ ការបញ្ចុះតម្លៃអគ្គិសនី និងការលើកលែង ការអនុគ្រោះមួយចំនួន ដែលសម្ដេចបានដាក់ចេញកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិកាជួបជាមួយវិស័យឯកជនកន្លងមក ដើម្បីធ្វើយ៉ាងណាធានាជួយដល់ការផលិត និងចំណូលរបស់វិស័យឯកជន និងធ្វើយ៉ាងណាជួយកាត់បន្ថយតម្លៃដើម។ ការផ្ដល់ជំនួយ ឬការអន្តរាគមន៍នានាមិនអាចធ្វើរហូតនោះទេ គឺត្រូវដល់ពេលណាមួយវិស័យឯកជនត្រូវដំណើរការដោយខ្លួនឯង ដើម្បីធានាបានចីរភាព។

សម្ដេចធិបតីបានបន្តទៀតថា «ក្នុងពេលដែលកម្ពុជាយើងផ្អាកការនាំចូលបណ្ដោះអាសន្ននូវគ្រឿងបំណែកកក ធ្វើយ៉ាងឱ្យអ្នកទិញបំណែកកកនេះភ្ជាប់ការទិញដូរផ្ទាល់ជាមួយកសិកររបស់យើង ហើយប្រើប្រាស់តាមបច្ចេកទេសបង្កករបស់ពួកគេចុះ»

សម្ដេចនាយករដ្ឋមន្ត្រីចង់ឱ្យមានការនាំចេញ-ទិញចូលនៅនឹងកន្លែង ពោលគឺឱ្យប្រជាកសិករមានការប្រកួតប្រជែង យ៉ាងហោចណាស់ក៏អាចមានការផ្គត់ផ្គង់ក្នុងប្រទេសគ្រប់គ្រាន់ ដើម្បីកាត់បន្ថយនូវការនាំចូលគ្រឿងឧបភោគបរិភោគពីក្រៅប្រទេស។

សម្ដេចធិបតីបានលើកហេតុផលបន្ថែមថា បើប្រទេសកម្ពុជាដាក់គោលការណ៍មិនឱ្យនាំចូលអ្វីៗគ្រប់មុខ គឺប្រឆាំងជាមួយគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដូច្នេះកម្ពុជាមានតែត្រូវបង្កើនសមត្ថភាពប្រកួតប្រជែង ធ្វើយ៉ាងណាធានាចីរភាពរយៈពេលវែង៕