(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើសុំការយោគយល់ពីអ្នកទន្ទ្រានយកដីបឹងទន្លេសាប និងសុំឱ្យបើកចិត្តឱ្យបានទូលាយកុំប៉ះតំបន់លិចទឹក ហើយកុំដើម្បីតែប្រយោជន៍ខ្លួនឯង បំផ្លាញដីបឹងទន្លេសាប ត្រូវរក្សាដីបឹងទន្លេសាបទុកជាកន្លែងជីវៈចម្រុះ ទុកជាជម្រកសម្រាប់ត្រីពងកូន ដើម្បីប្រយោជន៍ពលរដ្ឋទូទាំងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ វិស័យនេះត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «មានអ្នកខ្លះសួរថាចិត្តអាក្រក់ម្លេះ រដ្ឋាភិបាលចង្គៀតចង្អល់ម្លេះ ២ ទៅ៣ម៉ឺនហិកតានឹង មិនឱ្យចែកគ្នាទៅ [..] ចឹងសំនួរចោទសួរទៅវិញថា ចង់បាន ២ ទៅ៣ម៉ឺនហិកតានឹងធ្វើអី? បើកចិត្តឱ្យទូលាយបន្តិចទៅ ទុក ២ ៣ម៉ឺនហិកតានឹងចិញ្ចឹមត្រីទុកឱ្យបានហូបមួយប្រទេសវិញអី? សួរនឹងទៅវិញ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការចោទសួរដូចនេះមានន័យថា សម្រាប់ការអភិវឌ្ឍគឺមានដីច្រើនណាស់ត្រូវអភិវឌ្ឍន៍ កុំប៉ះពាល់តំបន់លិចទឹកនេះ ត្រូវទុកឱ្យកូនចៅយើង ទុកឱ្យប្រទេសយើងនៅមានបឹងទន្លេសាបធំជាងគេ ហើយនៅថ្ងៃខាងមុខត្រូវរកលទ្ធភាពស្តារឡើងវិញថែមទៀតដើម្បីកុំឱ្យវាកករីង ព្រោះបើសិនជាឈូសយកកន្លែងនេះ វានឹងធ្វើឱ្យបាត់បង់ជីវៈចម្រុះ ហើយគម្របដីនេះនឹងវាធ្វើឱ្យកាន់តែរីងថែមទៀត ហើយទន្លេសាបតំបន់សំណើមនឹងកាន់តែថមថយឡើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគុសបញ្ជាក់ដែរថា ការចាប់ទន្ទ្រានយកដីបឹងទន្លេសាបចំនេញតែ ១ ០០០គ្រួសារ ចំណេញតែម្ចាស់ដី តែខាតមួយប្រទេស ខាតតកូន តចៅ ដោយទាំងកូនចៅអ្នកដែលមានដីនៅតំបន់៣នេះផងដែរ ដូចនេះត្រូវធ្វើយ៉ាងណាកាពារឱ្យបានដីនៅក្នុងតំបន់៣នេះ។ សម្រាប់ប្រជាពលរដ្ឋមានសិទ្ធប្រើប្រាស់ដីតំបន់២ សូមបន្តប្រើប្រាស់ដោយទទួលខុសត្រូវ និងរួមគ្នាការពារ ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់១ ដូចគ្នាដែរសុំរួមគ្នាការពារ និងម្ចាស់ការឱ្យបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលបានគិតគូរអំពីសុខុដុមរមណីយកម្ម រវាងមនុស្សនិងបរិស្ថាន បើប្រជាពលរដ្ឋដែលប៉ះពាល់ និងរស់នៅតំបន់ទាំងនោះយូរហើយរដ្ឋាភិបាលសុខចិត្តកាត់ឆ្វាលជូនបាន ប៉ុន្តែកន្លែងផ្សេងទៀត សុំកុំប៉ះពាល់ឱ្យសោះ សូមទុកជាកន្លែងចិញ្ចឹមត្រី ទុកជាកន្លែងឱ្យត្រីបានពងកូនផង៕