(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុនបរទេសជាច្រើន ចាប់អារម្មណ៍មកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម បន្ទាប់ពីសម្ដេចបានចុះបេសកម្ម នៅក្រៅប្រទេសជាច្រើន ក្នុងរយៈពេល៥ខែកន្លងមក។

ការបង្ហើបឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «តិចទៀត មានក្រុមហ៊ុនមួយចំនួនធំៗ របស់សិង្ហបុរី ដែលផលិតខាង ផលិតផលកសិកម្ម មកទីនេះ (កម្ពុជា) ក្រោយពីជួបខ្ញុំ [...] តិចទៀត ត្រូវមានក្រុមវិនិយោគពីអាមេរិកមក ដែលត្រូវជួប, មកពីជប៉ុន និងមកពីប្រទេសផ្សេងៗ ក្នុងនោះវិស័យមួយ ដែលគេចាប់អារម្មណ៍ខ្លាំង គឺជាវិស័យកសិកម្ម»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចាប់អារម្មណ៍វិនិយោគ របស់ក្រុមហ៊ុនបរទេស លើវិស័យកសិកម្មនៅកម្ពុជានេះ គឺជាឱកាសមួយ ដែលត្រូវសិក្សាឲ្យបានច្បាស់ថា ប្រទេសណាគេត្រូវការអ្វី ហើយគួរតែដាក់គោលដៅ ទៅលើអ្វីដែលគេត្រូវការនោះតែម្ដង។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពេលខ្លះចេញទៅបេសកម្មនៅក្រៅប្រទេស ដាក់មួយប្រទេសតែមួយផលិតផលក៏បាន ដើម្បីបើកទីផ្សារ ដោយមិនចាំបាច់យកទៅច្រើនមុខ ដែលបង្កការលំបាកដល់គេ ដូច្នេះត្រូវសិក្សាឲ្យច្បាស់ នូវអ្វីដែលប្រទេសនោះត្រូវការ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ត្រូវនាំមុខ ក្នុងការទាក់ទាញ និងរៀបចំយុទ្ធសាស្ដ្រ ជាមួយអ្នកផលិត, អ្នកដាំ និងអ្នកលក់ ក្នុងការរកទីផ្សារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឲ្យក្រសួង ស្ថាប័នរដ្ឋ ត្រូវបន្តសហការគ្នាឲ្យស្អិតល្មួត ដើម្បីជំរុញការនាំចេញផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កសិកម្មមិនអាចដាំបាន ឬមួយធានា ក្នុងការផលិត តាមគោលដៅរបស់ខ្លួននោះទេ បើសិនជាគ្មានការគាំទ្រពាណិជ្ជកម្ម នៅក្នុងការបើកទីផ្សារ, បើគ្មានការគាំទ្រពីធនធានទឹក, អភិវឌ្ឍនជនបទ និងស្ថាប័នពាក់ព័ន្ធ ដូច្នេះត្រូវបន្តសហការគ្នាឲ្យល្អ។

សូមជម្រាបថា វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ វិស័យនេះ ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ផងដែរ៕