(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកជាថ្មីដល់មន្ដ្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែការពារឲ្យបានជាដាច់ខាត ដើម្បីការពារកិត្តិនាមបឹងទន្លេសាប ដែលជាបឹងទឹកសាបជាងគេនៅលើពិភពលោក។

ក្រៅពីការពារកិត្តិនាមបឹងទន្លេសាបហើយនោះ បឹងទន្លេសាបក៏ជាជម្រកត្រីដ៏សម្បូរបែប និងបម្រើឲ្យសេចក្ដីត្រូវការក្នុងការទទួលទានរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសតែម្ដង ដូច្នេះហើយត្រូវតែការពារ និងទប់ស្កាត់ការទន្ទ្រានយកបន្ដទៀត តាមរយៈការកំណត់ និងបោះបង្គោលព្រំឲ្យបានច្បាស់លាស់តាមអ្វីដែលបានកំណត់។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការពារឲ្យបានជាដាច់ខាតនូវតំបន់បឹងទន្លេសាប ដែលជាទ្រព្យសម្បត្តិរួមរបស់ជាតិយើង អាជ្ញាធរមូលដ្ឋានខេត្ត ស្រុក គឺជាតួអង្គសំខាន់។ កិច្ចការងារនេះអាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចូលរួមអនុវត្តការងារនេះឲ្យបានម៉ត់ចត់ ជាពិសេសពាក់ព័ន្ធការទន្ទ្រានព្រៃទឹកសាបនេះ ត្រូវធ្វើយ៉ាងណាឲ្យបានសុក្រឹត្យភាព»

ក្នុងន័យនេះ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអភិរក្សបឹងទន្លេសាបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវការណែនាំចំនួនរួមមាន៖

*ទី១៖ ត្រូវចុះបញ្ជីដីទាំងអស់ជាប្រព័ន្ធឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ហើយការងារនេះត្រូវប្រគល់ភារកិច្ចជូនលោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកដឹកនាំការងារនេះ

*ទី២៖ ក្រោយការចុះបញ្ជីដីចប់សព្វគ្រប់ អាជ្ញាធរទន្លេសាប ត្រូវរៀបចំគូសផែនទី និងបោះបង្គោលឡើងវិញ ព្រោះតំបន់១ តំបន់២ និងតំបន់៣ ត្រូវបានកែប្រែ។ ក្រោយគូសផែនទី និងបោះបង្គោលរួចរាល់នោះ ត្រូវដាក់បញ្ជូនក្នុងប្រព័ន្ធដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

*ទី៣៖ ការងារអចិន្ដ្រៃយ៍ត្រូវថែរក្សាគ្រប់គ្រងឲ្យបានល្អ ដោយអាជ្ញាធរទន្លេសាប ត្រូវពង្រឹងយន្ដការគ្រប់គ្រង ដើម្បីធានាដល់ការដឹកនាំសម្របសម្រួលគ្រប់គ្រង ដែលមានស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលខេត្តចំនួន៦ ដែលជាប់បឹងទន្លេសាបតែម្ដង។

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់នូវការងារចាំបាច់បំផុត ទៅដល់រដ្ឋបាលខេត្តទាំង៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង, បន្ទាយមានជ័យ, ពោធិ៍សាត់, បាត់ដំបង, កំពង់ធំ និងខេត្តសៀមរាប ត្រូវគ្រប់គ្រងធ្វើយ៉ាងណាឲ្យមានចីរភាពដោយត្រូវកំណត់ឲ្យបានច្បាស់លាស់រយៈពេលវែង នៅតំបន់ទាំងអស់តាមរយៈការចុះបញ្ជី ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសងាយស្រួលក្នុងការត្រួតពិនិត្យ។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក៏បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់២ និងតំបន់១ ដែលទទួលបានសិទ្ធិអាស្រ័យផលហើយនោះ ត្រូវបន្ដអាស្រ័យផលលើដីដែលខ្លួនទទួលបាន ហើយត្រូវបន្ដថែរក្សាអ្វីដែលបានចែកជូន ដោយមិនត្រូវទន្ទ្រាន និងបំពានទៅតំបន់ដែលអភិរក្សនោះទេ។ សម្ដេចបានអះអាងថា ការការពារនេះ គឺដើម្បីធានានិរន្ដរ៍រយៈពេលវែង មិនមែនរយៈពេលខ្លីឡើយ៕