(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ ទាំងបងប្អូនអ្នកចិញ្ចឹមសត្វ និងតម្លៃសាច់នៅលើទីផ្សារ ដោយធ្វើយ៉ាងណា កុំឱ្យមានអតិផរណា [ការកើនឡើងតម្លៃសាច់] ដែលនាំឱ្យប៉ះពាល់អ្នកបរិភោគ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចធិបតី បន្ទាប់ពីមានបងប្អូនអ្នកចិញ្ចឹមសត្វមួយចំនួន បានលើកឡើងអំពីបញ្ហាប្រឈមរបស់ខ្លួន បណ្តាលការខាតបង់ប្រាក់ ដោយសារការហូរចូលនៃសាច់បង្កក និងអំពាវនាវឱ្យមានការបិទការនាំចូល នូវសាច់បង្កកទាំងនោះ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក ដែលកន្លងទៅប្រជាកសិករ យើងមួយចំនួនបានសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាល ហើយការងារនេះក្រសួងកសិកម្ម បានដឹកនាំប្រជុំជាមួយវិស័យចិញ្ចឹមសត្វ ខាងវិស័យឯកជន ពិតណាស់ការដោះស្រាយ ការធានា គឺថារាជរដ្ឋាភិបាលត្រូវធានាពីរ ធានាទី១ គឺកសិផល លក់បានថ្លៃល្អ ចំណូលដល់កសិករ ធានាមួយទៀតកុំឱ្យមានអតិផរណាថ្លៃ»

ជាមួយគ្នានេះ សម្តេចធិបតីបានបញ្ជាក់ផងដែរថា ជារៀងរាល់ថ្ងៃរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ញើតម្លៃម្ហូបអាហារ ជូនសម្តេចដើម្បីតាមដានជាប់ជាប្រចាំ ធ្វើយ៉ាងណាងាយក្នុងការចាត់វិធានការអន្តរាគមន៍ ឱ្យទាន់ពេលវេលា។

សម្តេចនាយករដ្ឋមន្ត្រីថា ការដោះស្រាយកាត់បន្ថយថ្លៃដើម ក្នុងការផលិតជូនកសិករ ជាអ្វីដែលរាជរដ្ឋាភិបាលខិតខំធ្វើ ដែលកន្លងទៅរាជរដ្ឋាភិបាលបានចេញគោលការណ៍អនុគ្រោះច្រើន ដល់វិស័យកសិកម្ម ដូចជាការមិនយកពន្ធដីកសិកម្ម ការបញ្ចុះតម្លៃអគ្គិសនី និងការផ្តល់នូវការអនុគ្រោះមួយចំនួនទៀត គឺសុទ្ធសឹង ដើម្បីជួយដល់វិស័យមានផលចំណេញ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្ន សម្រាប់រយៈពេល ០៦ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួន។

វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្ត ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕