(តូក្យូ,ជប៉ុន)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមវេទិកាអនុរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុន លើកទី១៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

វេទិកានេះដឹកនាំដោយ លោក Serizawa Kiyoshi អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន និងមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងទីម័រខាងកើតក្នុងនាមអ្នកសង្កេតការណ៍ផងដែរ។ របៀបវារៈកិច្ចពិភាក្សានៃវេទិកានេះ ផ្តោតជាសំខាន់លើការផ្លាស់ប្តូរគំនិតយោបល់ ស្តីពី «គំនិតផ្តួចផ្តើមថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ (JASMINE)»។ JASMINE (ផ្កាម្លិះ) គឺជាគំនិតផ្តួចផ្តើមដែលបានប្រកាសឡើងដោយ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក KIHARA Minoru នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុន នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងជប៉ុន និងអាស៊ាន ឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនិងការកើនឡើងនៃបញ្ហាប្រឈមផ្នែកសន្តិសុខក្នងតំបន់។

ថ្លែងក្នុងវេទិកានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធ និងយូរអង្វែងរបស់អាស៊ាន និងជប៉ុន ចាប់តាំងពីឆ្នាំ១៩៧៣ ហើយត្រូវបានដំឡើងកម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣ កន្លងទៅ។ ជាមួយគ្នានេះលោកបានថ្លែងអំណរគុណដល់ភាគីជប៉ុនចំពោះការដាក់ចេញនូវគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដែលក្នុងនោះតាមរយៈចក្ខុវិស័យវៀងច័ន្ទ (Vientaine Vision) របស់ជប៉ុន នាយទាហាននៃកងយោធលខេមភូមិន្ទ ទទួលបាននូវផលប្រយោជន៍ជាច្រើនពីការចូលរួមសកម្មភាពអន្តរកម្ម ការកសាងសមត្ថភាព និងកម្មវិធីពង្រីកចំណេះដឹងនានា ដែលរៀបចំដោយភាគីជប៉ុន។

នាយឧត្តមសេនីយ៍ បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម JASMINE ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំសាជាថ្មីរបស់ជប៉ុន ក្នុងការធ្វើការរួមគ្នាជាមួយអាស៊ាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-ជប៉ុន ទៅកាន់កម្រិតថ្មីមួយទៀត។ ក្នុងសុន្ទរកថានេះដែរ លោកបានស្នើដល់ភាគីជប៉ុនគិតគួរពិចារណាផ្តល់ការបណ្តុះបណ្តាល ឬជំនួយផ្សេងៗ ដល់កងយោធពលខេមរភូមិន្ទ លើវិស័យសន្តិសុខបច្ចេកវិទ្យា នៅពេលដែលកម្ពុជានឹងធ្វើជាសហប្រធាន ក្រុមការងារជំនាញ ADMM-បូក ស្តីពីសន្តិសុខបច្ចេកវិទ្យា ជាមួយ ប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២៤-២០២៧ ខាងមុខ។ ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានលើកឡើងអំពីការគាំទ្ររបស់កម្ពុជាលើរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ ដែលកន្លងមក កម្ពុជាបានរៀបចំគំនិតផ្តួចផ្តើម ស្តីពីការលើកកម្ពស់យន្តការគាំទ្រដល់កងកម្លាំងរក្សាសន្តិភាពជាស្ត្រីអាស៊ាន ដែលត្រូវបានអនុម័តនៅកិច្ចប្រជុំ ADMM លើកទី១៦ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២២។ លោកសង្ឃឹមថា ជប៉ុននឹងអាចចូលរួមជាមួយកម្ពុជា និងអាស៊ាន ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមនេះក្នងតំបន់ តាមរយៈការផ្សារភ្ជាប់ជាមួយសកម្មភាពនានារបស់ JASMIN ឬយន្តការណាមួយរបស់អាស៊ាន ដែលអាចធ្វើទៅបាន។

នៅក្នុងអំឡុងពេលចូលរួមវេទិកាអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន-អាស៊ាន នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោក SERIZAWA Kiyoshi អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន និងឧត្តមសេនីយ៍ឯកបម្រុង ហ័ង សួនចៀន អនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិទ្វេភាគីជាមួយប្រទេសទាំងពីរ។

ខ្លឹមសារនៃជំនួបជាមួយអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន ផ្តោតលើកិច្ចសហប្រតិបត្តិការការពារជាតិជប៉ុន-កម្ពុជា លើការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីយោធា ការបណ្តុះបណ្តាលយោធា បោសសំអាតមីន ប្រតិបត្តិការរក្សាសន្តិភាព និងទស្សនកិច្ចនាវា ។ល។ នៅក្នុងជំនួប អនុរដ្ឋមន្រ្តីការពារជាតិជប៉ុនបានជម្រាបជូនពីបំណងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនៃប្រទេសទាំងពីរ ក្នុងការរួមចំណែកដល់ការពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ឈុំ សុជាត បានគាំទ្រ និងស្វាគមន៍លើគម្រោងដំណើរទស្សនកិច្ចនេះ និងបានសំណូមពរភាគីជប៉ុនបន្តផ្តល់ការគាំទ្របន្ថែមទៀត ដល់ការផ្តល់អាហារូបករណ៍ដល់សិក្ខាកាមកម្ពុជាមកបំពេញការសិក្សានៅប្រទេសជប៉ុន ទាំងកម្រិតនាយទាហានសកម្ម អនុបណ្ឌិត និងបណ្ឌិត ក៏ដូចជាជួយបង្កើនការផ្លាស់ប្តូរទស្សនកិច្ចយោធា ការបណ្តុះបណ្តាលលើវិស័យបោសសំអាតមីននៅកម្ពុជា និងការផ្តល់ជំនួយជាសម្ភារៈ ឧបករណ៍ចាំបាច់សម្រាប់ការដោះស្រាយបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ជាដើម។

ដោយឡែក នៅក្នុងជំនួបជាមួយអនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាម ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ នាបណ្តាឆ្នាំកន្លងមក។ ភាគីទាំងពីរបានឯកភាព និងកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ដែលបានរៀបចំកាលពីខែធ្នូ ឆ្នាំ២០២៣ ដែលក្នុងឱកាសនោះរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងបី បានចុះនូវអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួន ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការ ក៏ដូចជាពង្រឹងទំនាក់ទំនងភាពជាបងប្អូនភូមិរបងជាមួយគ្នាយូរអង្វែង។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯកបម្រុង ហ័ង សួនចៀន បានជម្រាបជូនភាគីកម្ពុជា អំពីគោលបំណងរបស់ក្រសួងការពារជាតិវៀតណាម អញ្ជើញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម នាខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ទន្ទឹមនឹងការអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតកងទ័ពវៀតណាម និងខួបលើកទី៣៥ នៃថ្ងៃបង្កើតចលនាសង្រ្គោះជាតិវៀតណាម។ ភាគីវៀតណាម ក៏បានប្តេជ្ញា បង្កើនការទទួលយកសិក្ខាកាមយោធាកម្ពុជា ទៅចូលរួមវគ្គសិក្សា ទាំងរយៈពេលវែង និងខ្លីនៅប្រទេសវៀតណាម សម្រាប់បណ្តាឆ្នាំខាងមុខ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ឈុំ សុជាត បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការការពារជាតិនៃប្រទេសទាំងពីរ ដែលគូសបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងមិនអាចកាត់ផ្តាច់បាន។ លោកក៏បានគូសបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជា លើគំនិតផ្តួចផ្តើមនានារបស់វៀតណាម ក្នុងក្របខណ្ឌ ADMM ដូចជា គំនិតផ្តួចផ្តើម «ស្តីពីការបង្ហូតទង់អាស៊ានអមទង់ជាតិនៅបរិវេណអង្គភាពកងទ័ពនៃប្រទេសសមាជិកអាស៊ានដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ» ជាដើម៕