(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលការណែនាំរបស់ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងបរិស្ថាន ដែលបានណែនាំឱ្យក្រសួងធម្មការនិងសាសនាពិនិត្យលើជំនឿបារមីផ្សេងៗដែលគ្មានមូលដ្ឋាន, ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃសាសនានោះ, ក្រសួងធម្មការ និងសាសនា បានណែនាំដល់មន្ទីរធម្មការ និងសាសនារាជធានីខេត្ត តាមដានពិនិត្យមើលនិងចុះធ្វើកិច្ចសន្យាជាមួយបុគ្គលមួយចំនួន ដែលអះអាងថាជាគ្រូបារមី គ្រូអូមអាមដែលតែងតែបង្ហោះវីដេអូតាមបណ្តាញហ្វេសប៊ុក អំពីការទស្សនាយ ការសូត្រធម៌ និងបញ្ចេញមន្តអាគមអូមអាមរបស់ខ្លួន ដើម្បីឱ្យពួកគាត់បញ្ឈប់ជាបន្ទាន់សកម្មភាពនៃការផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម អំឡុងពេលខ្លួនទស្សនទាយ និងព្យាបាលជំងឺ ដោះអំពើអាបធ្មប់ ឬការសូត្រធម៌ដែលគ្មានប្រភពច្បាស់លាស់។

ជាលទ្ធផល, រហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បុគ្គលដែលអះអាងថា ខ្លួនជាគ្រូបារមីចំនួន ៦រូប ក្នុងនោះមានទាំងគ្រូ៧ភាសាផងដែរ បានទទួលយកការណែនាំ និងបានស្ម័គ្រចិត្តចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ដល់សង្គមនិងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។

ក្រសួងធម្មការនិងសាសនា បានអះអាងថា នឹងបន្តអនុវត្តដោយម៉ឺងម៉ាត់នូវការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងបន្តធ្វើការអប់រំ ផ្សព្វផ្សាយ និងតម្រង់ទិស នៃការគោរពប្រតិបត្តិឱ្យស្របតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀតជាធរមាន ដើម្បីការពារសិទ្ធិសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ការពារតម្លៃសង្គម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារប្រជាពលរដ្ឋកុំឱ្យលង់ក្នុងការបោកប្រាស់ណាមួយ។

ជាមួយគ្នានេះ ក្រសួងធម្មការនិងសាសនា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេងៗ​ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន៕