(បន្ទាយមានជ័យ)៖ ស្រូវសែនក្រអូប តម្លៃស្ថេរល្អប្រសើរ ជាងស្រូវស្រង៉ែធ្លាក់ថ្លៃជាងមុន ហើយឈ្មួញឲ្យតម្លៃភាគច្រើន នៅពេលល្ងាច បើមិនលក់ឆ្លងយប់ គ្មានអ្នកទិញ។ ប្រជាកសិករ សុំឲ្យមន្ទីរជំនាញ មានចំណាត់ការផង។

បើតាមប្រជាកសិករ បានឲ្យដឹងថា រយៈពេល២ ទៅ៣ថ្ងៃ ស្រូវស្រង៉ែទាំងក្រុមហ៊ុន និងឈ្មួយទិញ ដាក់តាមរោងម៉ាស៊ីន ក្នុងការទិញឲ្យតម្លៃថោកជាងមុន នៅពេលស្រូវដល់ច្រើន ជាក់ស្តែងកាលពីដើម ខែមករា ឆ្នាំ២០២៤នេះ ស្រូវស្រង៉ែ ក្រុមហ៊ុន និងឈ្មួញទិញ១តោន តម្លៃ១០,៩០០បាត ទៅ១១,០០០បាត តែពេលនេះ ទាំងក្រុមហ៊ុន និងឈ្មួញទិញធ្លាក់តម្លៃ១តោន តម្លៃ៩,៥០០បាត ទៅ៩,៧០០បាត។

ប្រជាកសិករ បានបញ្ជាក់ថា ស្រូវដែលមានតម្លៃស្ថេរល្អ មានស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ា ប្រភេទ៥១ និង៥៤ ដែលក្រុមហ៊ុនបៃតង និងឈ្មួញទិញដាក់តាមរោងម៉ាស៊ីន ក្នុងស្រុកដូចស្រូវសែន ក្រអូប១តោន តម្លៃ១១,៥០០បាត ទៅ១១,៧០០បាត និងស្រូវអ៊ីអ៊ាប្រភេទ៥១ និង៥៤១តោន តម្លៃ១០,៩០០បាត ទៅ១១,០០០បាត ពិតជាតម្លៃប្រសើរជាងឆ្នាំមុន។

ប្រជាកសិករ បញ្ជាក់ថា ក្រុមហ៊ុនបៃតង ដែលទិញស្រូវល្អ ជាងឈ្មួញកណ្តាល ដែលដើរទិញដាក់តាមរោងម៉ាស៊ីន គឺឲ្យច្រូតតែតម្លៃ ប្រាប់ពេលល្ងាច ហើយតម្លៃឡើងចុះ តាមមាត់ ថាស្រូវមិនល្អ ស្រូវអន់លាយច្រើនង៉ក់ង៉មិនចង់ទិញ (និយាយបង្អាប់ទំលាក់តម្លៃ) បើមិនលក់ស្រូវ ឆ្លងយប់គ្មានអ្នកទិញទេ កាន់តែថោក។

ទន្ទឹមគ្នានេះ ប្រជាកសិករ សុំឲ្យមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ឬអាជ្ញាធរស្រុក/ខេត្ត ចុះពិនិត្យមើលផង ត្រូវកំណត់តម្លៃឲ្យបានច្បាស់លាស់។

ពាក់ព័ន្ធរឿងតម្លៃស្រូវឈ្មួញឲ្យថាតាមមាត់នេះ អ្នកសារព័ត៌មាន បានទូរស័ព្ទទំនាក់ទំនងទៅលោក ប៉ុក ឡៃជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ខលចូល២ទៅ៣ដង តែគ្មានអ្នកទទួល និងបកស្រាយជូនបញ្ហានេះទេ៕