(សៀមរាប)៖ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកាថា វិស័យសាសនាមានការអភិវឌ្ឍន៍រីកចម្រើនទៅបាន ទាមទាការចូលរួមពីពុទ្ធបរិស័ទ ប្រជាពលរដ្ឋគ្រប់ស្រទាបវណ្ណៈ ដើមី្បទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពុទ្ធបរិស័ទ។ 

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាយ៉ាងដូច្នេះនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១ ខេត្តសៀមរាប នៅវត្តរាជបូណ៌ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក លោក ផាន់ ចន្ទតារា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និង់លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ព្រមទាំងមន្ត្រីសង្ឃក្រុង ស្រុក ព្រះគ្រូចៅអធិការ គ្រូសូធ្រស្តាំ និងឆ្វេង គ្រូអាចារ្យ គណៈកម្មការវត្ត និងថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុកជាច្រើនចូលរួមផងដែរ។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកា ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ សូមរៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា ពិសេសគឺសូមបង្កើតឲ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។

សម្ដេចព្រះព្រហ្មរតនមុនី មានសង្ឃដីកាថា អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នេះ បានសម្រេចជាឯកច្ឆន្ទ គាំទ្រនូវសង្ឃប្រកាសទូទាំងប្រទេសដែលមានខ្លឹមសារចំនួន៩ចំណុច ដើម្បីតម្រង់ទិស និងអនុវត្តនូវទិសដៅបន្តទៀត សម្រាប់ព្រះសង្ឃទូទាំងប្រទេសបានគ្រប់គ្រាន់ និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្ដេចព្រះព្រហ្មរតនមុនី មានសង្ឃដីកាផ្តាំផ្ញើដល់មន្ត្រីសង្ឃខេត្ត ក្រុង ស្រុង និងគ្រូចៅអធិការវត្តទាំងអស់ ត្រូវពង្រឹង និងលើកកិត្យានុភាពព្រះពុទ្ធសាសនា ,តម្រង់ទិសដល់ពុទ្ធបរិស័ទក្នុងការប្រតិបត្តិធម្មវិន័យ ,ពិនិត្យផ្ទៀងផ្ទាត់ធម្មវិន័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ ,ពង្រឹងការអប់រំមនុស្សតាមបែបព្រះពុទ្ធសាសនា (សីល សមាធិ បញ្ញា) ,លើកកម្ពស់ក្រមសីលធម៌សង្គម ,ពង្រឹងសាមគ្គីភាពពុទ្ធបរិស័ទ ,ផ្សារភ្ជាប់ព្រះពុទ្ធសាសនានឹងសង្គម និងកំណត់ទិសដៅការអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់។ ម៉្យាងទៀតក៏ត្រូវចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ទប់ស្កាត់មិនឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំឲ្យមានកើតឡើងក្នុងទីវត្តអារាមរបស់ខ្លួន។

បើតាមសេចក្តីរាយការណ៍របស់លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានគូសបញ្ជាក់ថា នៅខេត្តសៀមរាប មានព្រះពុទ្ធសាសនាពីរនិកាយ គឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ និងមានវត្តអារាម មានចំនួន ២៦១វត្ត និងអាស្រម ១៨កន្លែង ដែលមានព្រះសង្ឃ ៥ ០១៦អង្គ ,អាចារ្យ ៧៣០នាក់ គណៈកម្មការវត្តចំនួន ១,៨៧៧នាក់ ,មានដូនជី ១ពាន់២៧២នាក់ ,ក្មេងវត្ត សិស្ស និសិ្សតស្នាក់នៅវត្ត មាន៦៨៤នាក់ និងមានឈាបនដ្ឋាន ១២២កន្លែង និងមណ្ឌលវិបស្សនា ចំនួន២៧កន្លែងទៀតផង។

ក្នុងនោះដែរក៏មានសាសនាផ្សេងៗដូចជា សាសនាឥស្លាម មានវិហារ៣កន្លែង, ស៊ូរ៉ាវ ១៣កន្លែង ,សាលាបង្រៀនសាសនា ២០កន្លែង មានបរិស័ទ ៥ ៥១៥នាក់។ សាសនាគ្រឹស្ត មាន៣កន្លែង ស្នាក់ការ ៧៨កន្លែង ,សាលាបង្រៀនសាសនា ៥៧កន្លែង មានបរិស័ទ ៥ ៥៧៤នាក់។ សាសនាមហាយាន មានវិហារ១ ស្នាក់ការ ២កន្លែង មានបរិស័ទ ៤៣៦នាក់ និងសាសនា បាហៃ មានស្នាក់ការថ្វាយបង្គំ១ មានបរិស័ទ ៧១នាក់ផងដែរ៕