(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងទទួលការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ចុះពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល ទប់ស្កាត់បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ នាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តាមផ្លូវតភ្ជាប់ពីស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី។

លោកវរសេនីយ៍ឯក ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ដឹកនាំកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ ចុះពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល ដើម្បីទប់ស្កាត់បទល្មើស និងការពារគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានឲ្យដឹងថា កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និងអធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង៩ទូទាំងខេត្ត បានចុះពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល និងបទល្មើសផ្សេងៗ ត្រូវបានចុះអនុវត្ត រយៈពេល៣យប់ហើយ។ ជាក់ស្តែងនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤កន្លងទៅ មានកម្លាំងចំនួន២៤៤នាក់ មានចំនួន១៨គោលដៅ និងប្រើប្រាស់រថយន្ត១២គ្រឿង និងម៉ូតូជិត១០០គ្រឿង។

លោកបានបញ្ជាក់ថា ការចុះប្រតិបត្តិការរយៈពេល១យប់ បានអប់រំម្ចាស់មធ្យោបាយចំនួន១,៦០៨នាក់ ស្រី៥៣៦នាក់ ត្រួតពិនិត្យមធ្យោបាយ មានរថយន្តធុនធំ និងតូចមានចំនួន៤៥២គ្រឿង ម៉ូតូចំនួន៤៦០គ្រឿង គោយន្តកន្ត្រៃចំនួន១៨គ្រឿង និងដកហូតបារីអេឡិចត្រូនិច ចំនួន២៥ដើម និងឃាត់អ្នកបើកបរមានជាតិអាល់កុលចំនួន៤នាក់ ដែលមានកម្រិតជាតិអាល់កុល ចាប់ពី០,១៦៣ ដល់១,០៨២ ដែលលើសជាតិអាកុល ត្រូវបានឃាត់ឲ្យសម្រាក ហើយទំនាក់ទំនងទៅសាច់ញាតិ មកទទួលយកការពារគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងការពារសន្តិសុខសណ្តាប់ធ្នាប់ភូមិ-ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ៕