(សៀមរាប)៖ ដោយមើលឃើញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប និងសប្បុរសជនមកពីចិនតៃវ៉ាន់ ព្រមទាំងមកពីភ្នំពេញ នាំយកសម្ភារៈសិក្សាទៅចែកជូនដល់សិស្សានុសិស្សចំនួន ៣៨៥នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទគង ខេត្តសៀមរាប។

នាឱកាសចុះចែកសម្ភារសិក្សានាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើវិស័យអប់រំ ដោយបង្ខិតសាលារៀនឲ្យជិតកូនសិស្ស ឬអាចនិយាយបានថា សាលារៀនរត់រកមនុស្ស និងដើម្បីពង្រឹងការសិក្សា ដល់សិស្សានុសិស្សឱ្យមានគុណភាព ទទួលបានធនធានមនុស្សល្អៗ ប្រកបដោយសមត្ថភាពចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេស ឱ្យទទួលបានការរីកចម្រើន។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាបន្តថា សម្ភារសិក្សាដែលយកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សនាពេលនេះ បានមកពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជន ដែលជាជនជាតិចិនតៃវ៉ាន់ និងសប្បុរសជននៅរាជធានីភ្នំពេញ អំណោយទាំងនេះពិតជាបានរួមចំណែកដល់ការបំពេញតម្រូវការខ្វះខាត របស់ប្អូនៗឱ្យកាន់តែល្អប្រសើរ នៅក្នុងការសិក្សា ដើម្បីប្រើប្រាស់ក្នុងការរៀនសូត្រ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ក៏បានជំរុញនឹងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានខ្លាំងក្លាថែមទៀត ព្រោះចំណេះវិជ្ជា គឺវាជាស្ពានមួយដ៏សំខាន់សម្រាប់ក្មួយៗ ឆ្លងឲ្យផុតពីគ្រោះអវិជ្ជា និងធ្វើឲ្យក្មួយៗក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃរបស់ប្រទេសជាតិ ហើយប្រទេសជាតិពិតជាត្រូវការប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ដែលជាអ្នកកសាងនឹងអភិវឌ្ឍប្រទេសជាតិផង​ដែរ។

សូមបញ្ជាក់ថា សម្ភារសិក្សាដែលព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជនមកពីចិនតៃវ៉ាន់ និងមកពីភ្នំពេញ បានយកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សនាពេលនេះ មានដូចជា៖ ប៊ិច ខ្មៅដៃ ប្រដាប់ចិតខ្មៅដៃ សៀវភៅ នំ ព្រមទាំងមានមីជូនលោកគ្រូអ្នកគ្រូទាំងអស់ផងដែរ៕