(កណ្ដាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត ជាប្រធាន PWG និងជាប្រធានក្រុមការ​ងារ ​ចុះផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់​ខេត្ត​ បានដាក់ក្ដីសង្ឃឹមថា ខេត្តកណ្ដាល នឹងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅទូទាំងខេត្តកណ្ដាល នាពេលឆាប់ៗខាងមុខនេះ។

លោកបានលើកឡើងបែបនេះ នៅគ្រាដែលលោកបានដឹកនាំក្រុមការងារពាក់ព័ន្ធទាំងអស់ ចុះពិនិត្យមើលស្ថានភាព (ODF+) នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅស្រុកច្សាច់កណ្ដាល ក្រោយទទួលបានរបាយការណ៍ ពីថ្នាក់ស្រុកជុំវិញការសម្រេចជាស្ថាពររបស់ស្រុក។

ការងារ (ODF+) នេះជាកិច្ចខិតខំប្រឹងប្រែងបំផុតរបស់លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមការងារទាំងអស់ ព្រមទាំងការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋដោយផ្ទាល់តែម្ដង។

លោក នុត ពុធដារ៉ា បានបញ្ជាក់ថា ការចុះផ្ទៀងផ្ទាត់ (ODF+) នៅស្រុកខ្សាច់កណ្ដាលនាពេលនេះ គឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ដើម្បីបញ្ជាក់អំពីសុក្រិតភាព នៃការអះអាងតាមរយៈសេចក្តីប្រកាសផ្ទៃក្នុង (ODF+) របស់រដ្ឋបាលស្រុកខ្សាច់កណ្តាល និងការផ្តល់កិត្តិយស ប្រកបដោយគុណតម្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្តាល ដែលបានចូលរួមប្រតិបត្តិអនាម័យល្អ ស្របតាមគោលការណ៍ណែនាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

លោកបន្តថា អាជ្ញាធរ ភូមិ ឃុំ ស្រុក ផ្សេងទៀត ត្រូវត្រៀមខ្លួនឲ្យរួចរាល់ ត្រូវប្រាកដថា ក្នុងមូលដ្ឋានរបស់ខ្លួន គឺនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាស្រុក មណ្ឌលសុខភាព សាលារៀន វត្តអារាម ការ៉ាសសាំង អាហារដ្ឋាន និងសាលាឃុំ ជាដើមត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូ សំដៅធ្វើឲ្យការចុះវាយតម្លៃ (ODF+) ក្នុងខេត្តកណ្ដាល ទទួលបានលទ្ធផលល្អប្រសើរ។

លោកបានបន្ថែមថា រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ គឺសង្ឃឹមជឿជាក់ថា «ខេត្តកណ្តាលធ្វើបាន» ហើយធ្វើបានយ៉ាងល្អ ដើម្បីសម្រេចឲ្យបាន ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកថា បើយោងលើសូចនាករ ដូចដែលតំណាងមន្ទីរអភិវឌ្ឍន៍ជនបទ បានលើកឡើងនាពេលមុននេះ គឺខេត្តកណ្តាល ហាក់ដូចជាមានស្ទើរគ្រប់លក្ខខណ្ឌស្រេចទៅហើយ។ ប៉ុន្តែទោះយ៉ាងណា យើងមិនត្រូវមោទនភាព ដោយបោះបង់ការព្យាយាម បោះបង់ការអប់រំផ្សព្វផ្សាយ និងការជំរុញបន្ថែមលើការងារអនាម័យ បរិស្ថាន ការសាងសង់បង្គន់ផ្ទាល់ខ្លួនបន្ថែមទៀត ក៏ដូចជាការសាងសង់បង្គន់ ប្រកបដោយបរិយាបន្ន នៅតាមស្ថាប័ន និងអង្គភាពផ្តល់សេវាផងដែរ។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា សហការគ្នា ប្តេជ្ញាធ្វើឲ្យស្ថានការណ៍ប្រែប្រួលពីខេត្ត ODF ទី៣ ទៅជាខេត្តសម្រេចបាន (ODF+) នាពេលឆាប់ៗខាងមុខនេះ៕