(កណ្ដាល)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឲ្យគ្រប់មន្ទីរព័ត៌មានទាំងអស់ នៅរាជធានី-ខេត្ត ត្រូវធ្វើការតាមដានសភាពការណ៍ សតិអារម្មណ៍ពលរដ្ឋ នៅតាមមូលដ្ឋានរៀងៗខ្លួន ២៤ម៉ោង លើ២៤ម៉ោង ឲ្យបានគ្រប់ជ្រុង និងផ្សព្វផ្សាយពីសក្ដានុពល អភិវឌ្ឍន៍ឲ្យបានច្រើនៗ ពិសេសផ្ដោតសំខាន់ទៅលើគ្រប់បណ្ដាញសង្គមទាំងអស់ មិនថា Facebook , Tik tok, telegram ជាដើម ដើម្បីក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះវាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងនោះ។

លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មាន ខេត្តកណ្ដាល។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា សព្វថ្ងៃនេះ អំណាចសារព័ត៌មាន ជាអំណាចទី៤ ហើយជាអំណាចចម្បងជាងគេ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ តាមដាន ព្រោះរាល់ការសម្រេចចិត្តអ្វីមួយ ត្រូវផ្អែកជាសំខាន់លើព័ត៌មានជាមុនសិន។ អំណាចព័ត៌មាននេះ មានតម្លៃមិនអាចអត់បានទេ, បើគ្មានប្រព័ន្ធផ្សព្វផ្សាយទេ មិនអាចក្ដាប់ជាប់សតិអារម្មណ៍ របស់ពលរដ្ឋបានឡើយ ដូច្នេះរាល់មន្ទីរទាំងអស់ ត្រូវចាត់កម្លាំងតាមដាន២៤ ម៉ោងលើ២៤ម៉ោង លើគ្រប់បណ្ដាញសង្គមទាំងអស់។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ដ្បិតថាព័ត៌មានលើបណ្ដាញសង្គម បានផ្ដល់ផលប្រយោជន៍ច្រើនមែន ប៉ុន្តែក្នុងនោះ ក៏មានមួយចំនួនផ្សព្វផ្សាយព័ត៌មានមិនពិតច្រើនណាស់ដែរ ដែលចាំបាច់ដល់មន្ទីរតាមមូលដ្ឋានរៀងខ្លួន ត្រូវក្ដាប់សភាពការណ៍ឲ្យទាន់ និងផ្សព្វផ្សាយព័ត៌មានការពិត គ្រប់ជ្រុងជ្រោយ ប្រកបដោយវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយបែបបុរាណតួយ៉ាង ដូចជាទូរទស្សន៍ជាដើម ជាមូលដ្ឋានគ្រឹះព័ត៌មានគួរជាទីទុកចិត្តបំផុតរបស់ពលរដ្ឋ ដែលផ្សព្វផ្សាយតែព័ត៌មានច្បាស់ការណ៍ ការពិត ខណៈដែលព័ត៌មានតាមបណ្ដាញសង្គមមួយចំនួន ហាក់ផ្សាយព័ត៌មានមិនពិតច្រើន ព័ត៌មានញុះញង់បង្កចលាចលជាដើម ដែលតោងឲ្យប្រជាជនមានការយល់ច្រលំច្រើន។ ដូច្នេះហើយទើបទៀមទារ ឲ្យមានចូលរួមយ៉ាងសកម្មបំផុត នូវការផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈ ការពិត និងព័ត៌មានសក្ដានុពលនៅមូលដ្ឋានរៀងៗខ្លួន។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា សព្វថ្ងៃនេះ បណ្ដាអង្គភាពសារព័ត៌មានមានចំនួនជាង២ពាន់ស្ថាប័ន មានអ្នកសារព័ត៌មានចំនួនជាង១ម៉ឺននាក់ ប៉ុន្តែអ្នកដែលបានមកចុះបញ្ជី មានតែជាង៣ពាន់នាក់ប៉ុណ្ណោះ រីឯជាង៧ពាន់នាក់ទៀត មិនដឹងនៅទីណា ធ្វើអ្វីឡើយ។ ដូច្នេះសូមអ្នកសារព័ត៌មាន ដែលមានអាជ្ញាមកធ្វើប័ណ្ណឲ្យបានគ្រប់ៗគ្នា ដើម្បីជាភាពងាយស្រួលដល់បងប្អូន ក្នុងការធ្វើការងាររបស់បងប្អូន ពិសេសគឺងាយស្រួល ធ្វើការជាមួយសមត្ថកិច្ច អាជ្ញាធរជាដើម។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងព័ត៌មាន មានទិសដៅរៀបចំសណ្ដាប់ធ្នាប់ព័ត៌មានឡើងវិញ ពិសេសផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដ្បិតពីមុន មុននឹងចូលបម្រើការងារ ជាអ្នកសារព័ត៌មាន តោងត្រូវចេះជំនាញនេះជាមុនសិន ពោលគឺទៅរៀនសូត្រសិន មានសញ្ញាបត្រ មានបទពិសោធន៍ច្បាស់លាស់សិន ទើបចូលប្រឡុកក្នុងវិស័យព័ត៌មាន ប៉ុន្តែបច្ចុប្បន្ននេះវិញ អ្នកសារព័ត៌មានមួយចំនួន មិនទាន់ទទួលបានការបណ្ដុះបណ្ដាលជំនាញច្បាស់លាស់នៅឡើយទេ តែអាចចូលធ្វើការក្នុងអង្គភាពសារព័ត៌មានណានោះ បានដោយងាយ។

លោកថា ដូច្នេះដើម្បីរៀបចំសណ្ដាប់ធ្នាប់ព័ត៌មាន និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ក្រសួងបានបញ្ជូនអ្នកជំនាញក្នុងវិស័យនេះ ទៅបង្រៀនដល់អ្នកសារព័តមាន តួយ៉ាងលោក ជុំ កុសល, លោក ឆាយ សុផល ជាដើម ទៅបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាន ក្នុងគ្រប់កម្មវិធីសិក្ខាសាលាមួយចំនួន ដែលរៀបចំឡើងសមាគមសារព័ត៌មាន ពោលគឺក្រសួងរីករាយ នឹងបញ្ជូនអ្នកជំនាញខាងសារព័ត៌មាន ទៅបង្រៀនគ្រប់ពេល ឲ្យតែទទួលបានការស្នើសុំណាមួយ។

ស្ថិតក្នុងកម្មវិធីព្រឹកមិញនេះដែរ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ មន្ទីរព័ត៌មានបានផលិត ព័ត៌មានសរុបបានចំនួន ៣,៦២២ អត្ថបទ និងរូបភាព ក្នុងនោះ សកម្មភាពរដ្ឋបាល ឯកភាពខេត្ត ១,១៤៨ និងធ្វើការផ្សព្វផ្សាយតាមទូរទស្សន៍ជាតិ ឯកជន គេហទំព័រ, ផេកផ្លូវការ, បញ្ជរព័ត៌មាន, បណ្តាញសង្គម និងអង្គភាពសារព័ត៌មាននានា សរុបបានចំនួន ១៨,៤៥៤ លើក។

បានចេញលិខិតអនុញ្ញាតថ្មី និងបន្តសុពលភាពធ្វើអាជីវកម្ម សេវាកម្ម តាមយន្តការអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត បានសរុបចំនួន ៥៥៩ច្បាប់ ក្នុងនោះមាន គេហទំព័រ៥៦ច្បាប់, ប៉ាណូ៣២៥ច្បាប់, កាសែត៦ច្បាប់, អាហ្វីស២១២ច្បាប់ និងប្រមូលចំណូលថវិកាគុណប្រយោជន៍ខេត្ត សរុបទឹកប្រាក់បានចំនួន ៤៣៧,១៨០,០០០រៀល។ ប្រព័ន្ធផ្សព្វផ្សាយឯកជន មានអង្គភាពសារព័ត៌មាន ដែលបានធ្វើការចុះបញ្ជី និងមានស្នាក់ការក្នុងខេត្តកណ្តាល ចំនួន១៣៥អង្គភាព ក្នុងនោះ កាសែតចំនួន៤៣អង្គភាព, គេហទំព័រចំនួន៩១អង្គភាព, ទស្សនាវដ្តីចំនួន១ និងមានភ្នាក់ងារយកព័ត៌មានប្រចាំខេត្ត របស់ស្ថានីយ៍ទូរទស្សន៍ឯកជន និងអង្គភាពសារព័ត៌មាននានាចំនួន១៦អង្គភាព, មានស្ថានីយ៍វិទ្យុជាតិ និងឯកជន សរុបចំនួន២ ព្រមទាំងមានទូរទស្សន៍ខ្សែកាប ចំនួន១ស្ថានីយ៍៕