(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ដឹកនាំដោយ លោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិ

ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន តាមរយៈអនុសាខាស្រុក ផ្តល់ជូនប្រជាពលរដ្ឋជាអ្នកស្ម័គ្រចិត្តការពារតំបន់សត្វក្ងោក នៅភ្នំធិបតី ឃុំធបិតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នាឱកាសនោះ លោក ញឹក សារ៉ែន ប្រធានគណៈកម្មាធិការអនុសាខាស្រុក បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

ជាមួយគ្នានេះ លោកប្រធានគណៈកម្មាធិការអនុសាខា ក៏សូមឱ្យបងប្អូនអ្នកស្ម័គ្រចិត្ត ព្រមទាំងក្រុមគ្រួសារទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យទាំងការរស់នៅ និងការហូបចុច ដើម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗ មកបៀតបៀន ព្រមទាំងលើកទឹកចិត្ត ឲ្យបន្តការយកចិត្តទុកដាក់មើលថែការពារសត្វក្ងោក ក៏ដូចជាសត្វផ្សេងៗទៀត នៅតំបន់អភិរក្សសត្វ ក្នុងភូមិសាស្រ្តភ្នំធិបតីទាំងមូល ក្នុងគោលបំណងដើម្បីទាក់ទាញ់ភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាសត្វជាពិសេសសត្វក្ងោក ក្នុងតំបន់អភិរក្សភ្នំធិបតី ស្រុកគាស់ក្រឡ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនរួមមាន៖ អង្ករ២០០គីឡូក្រាម មី៨កេស ត្រីខ ៨យួរ ទឹកត្រីនិងទឹកស៊ីអ៉ីវ ៨យួរ ថ្នាំលាបរបួស៨ដប ប្រេងកូឡា៨ប្រអប់ផងដែរ៕