(បន្ទាយមានជ័យ)៖ លោក ហុឹល រាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។

ពិធីនេះមានការចូលរួមពី លោក បឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ លោក អឿនច័ន្ទ វិសុទ្ធ ប្រធានរតនាគារខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ មេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ប្រមាណ២០៥នាក់។

ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ត្រូវប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់មករាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការបែងចែកឥណទានចំណូល ថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ និងអនុក្រឹត្យ ស្ដីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមទំពូកនៃច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក បឹង គឹមសឹង បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ការិយាល័យផែនការ និងហិរញ្ញវត្ថុរបស់រដ្ឋបាលខេត្ត និងស្មៀនឃុំសង្កាត់ ត្រូវដំណើរការបូកសរុប និងគូផ្គងតួលេខនៃការអនុវត្តចំណូល ចំណែកថវិការបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឆ្នាំ ២០២៣ ជាមួយរតនាគារខេត្ត រួចផ្ញើទៅកាន់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឲ្យបានមុនថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះជាកំហិត។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវផ្ញើរបាយការណ៍ស្តីពីការបិទបញ្ជីថវិកាដោយមានភ្ជាប់នូវរបាយការណ៍បូកសរុបការងារ អនុវត្តចំណូលចំណាយថវិកា មកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន២ច្បាប់ និងក្រសួងមហាផ្ទៃចំនួន១ច្បាប់ យឺតបំផុតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីឲ្យអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការបូកសរុប និងរៀបចំនូវរបាយការណ៍សម្រេចទូទាត់ថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងដាក់បញ្ចូលទៅក្នុងជំពូកមួយនៃសេចក្តីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយសារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះ វាមានសារសំខាន់ណាស់សម្រាប់មន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍ក្រោមជាតិរៀបចំគម្រោងថវិកាឆ្នាំ២០២៤ របស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាពធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាន និងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋរដ្ឋាភិបាលថ្នាក់ក្រោមជាតិ។

លោកបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបបកម្ម និងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមត្រប់ខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២៤ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយ។

ក្នុងកិច្ចប្រជុំនោះដែរ លោក ហុឹល រ៉ា យ៉ា អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ឲ្យដឹងថា អភិបាលក្រុងស្រុក ប្រធានការិយាល័យ រដ្ឋបាលហិរញ្ញវត្ថុស្រុក ក្រុង លោកឃុំ សង្កាត់ស្មៀន និងមន្ត្រីពាក់ព័ន្ធ ក្រោយពីបានចូលរួមកិច្ចប្រជុំនេះហើយត្រូវយកចំណេះដឹង និងសមត្ថភាពគួបផ្សំបទពិសោធន៍ការងារដើម្បីធានាបានពិតប្រាកដថា ការរៀបចំគម្រោងថវិកាឆ្នាំ២០២៤នេះ អាចសម្រេចបានសមទ្ធិផលតាមគោលដៅសូចនាករដែលបានកំណត់ថវិកាឆ្នាំ២០២៤ នេះជាការត្រៀមចាប់ផ្ដើមនិងដំណើរឆ្ពោះទៅរករបស់ថ្មីនៃការគ្រប់គ្រងថវិកាស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤នេះ។

លោក ហុឹល រ៉ា យ៉ា បានបញ្ជាក់ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការសម្រេចឲ្យបាននូវគោលដៅ និងវិធានការទាំងឡាយដែលបានលើកឡើង ពិសេសការបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវការកែទម្រង់ស៊ីជម្រៅគ្រប់វិស័យឲ្យកាន់តែមុតស្រួចជាងមុន និងផ្ដល់លទ្ធផលជាក់ស្ដែងដោយប្រកាន់ភ្ជាប់នូវអភិក្រមការងារ ៥ យ៉ាងគឺ ឆ្លុះកញ្ចក់ ជូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់៕