(ភ្នំពេញ)៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន ១៣ខ្នងអស់ទាំងស្រុង និង២ខ្នងទៀត ដោយអន្លើរបានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧៖៣៥នាទីយប់ ថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវសុធារស ភូមិ១ ក្រុមទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News​ ឲ្យដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យ ដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់៦៦ឡាន​, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តកងពលតូចលេខ៧០ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់២គ្រឿង, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តទីក្រុងអូឡាំព្យា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្តបុរី ប៉េង ហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន, រថយន្តទីក្រុងជ្រោយចង្វារ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន និងរថយន្តទីក្រុងនរា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់​ ថ្មប្រក់សង្ក័សី ទំហំ (៤ម៉ែត្រ គុណ៦ម៉ែត្រ) បានបណ្តាលឲ្យឆេះខូចខាតផ្ទះជាន់ទី៣ ទំហំ (៤ម៉ែត្រ គុណ ៦ម៉ែត្រ) ចំនួន១ខ្នង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន១៣ខ្នងអស់ទាំងស្រុង និងឆេះរាលដាលដល់ផ្ទះ ២ខ្នងទៀត ខូចខាត១៥%។

ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទីខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ មិនមានអ្នកណារងរបួសនោះឡើយ រីឯមូលហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ជូនថា​ ចំពោះមូលហេតុគឺបណ្តាលមកពីការដុតធូបបង្កជាអគ្គិភ័យ៕