(តាកែវ)៖ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងែ ចាប់ពីថ្ងៃទី ២១-២៥ ខែសីហា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ របស់អាជ្ញាធខេត្តតាកែវ ដឹកនាំដោយ លោកអភិបាលខេត្ត ឡាយ វណ្ណៈ នៅក្រុងស៊ាងយ៉ាង ខេត្តហ៊ឺប៉ី សាធារណរដ្ឋប្រជាមានិតចិន ដែលទទួលបានការឯកភាព ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃនោះ បានជោគជ័យហួសពីការរំពឹងទុក។
មន្រ្តីជាន់ខ្ពស់សាលាខេត្តតាកែវ បានថ្លែងឲ្យដឹងថា ការធ្វើដំណើរទស្សនកិច្ចជាផ្លូវការនេះ គឺឆ្លើយតបតាមការអញ្ជើញរបស់ ទីក្រុងស៊ាងយ៉ាង ដើម្បីចុះហត្ថលេខាជាផ្លូវការ លើអនុស្សារណៈយោគយល់គ្នារវាង ក្រុងស៊ាងយ៉ាង ខេត្តហ៊ឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្កើតទំនាក់ទំនង ទីក្រុងមិត្តភាព នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដោយខេត្តតាកែវតំណាងដោយ លោក ឡាយ វណ្ណះ និងក្រុងស៊ាងយ៉ាងតំណាងដោយ លោក ឈីន ជុន អភិបាល នៃគណៈអភិបាលក្រុងស៊ាងយ៉ាង។
មន្រ្តីខាងលើបានបន្តថា ខ្លឹមសារសំខាន់នៃអនុស្សានៈនោះមានដូចជា៖ ទី១-កសាង និងពង្រឹងមិត្តភាពទំនាក់ទំនង និងនិងសហប្រតិបត្តិការរវាងភាគីទាំងពីរ ទី២-កសាងទំនាក់ទំនងទីក្រុងបងប្អូន ទី៣-ជម្រុញ និងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ សុខាភិបាល អប់រំ ធនធានមនុស្ស និងកីឡា ទី៤-បង្កើនទំនាក់ទំនងទ្វេរភាគី អោយកាន់តែប្រសើរឡើង និងធ្វើការផ្លាស់ប្តូរខ្លឹមសារព័ត៌មាន ទៅវិញទៅមក ដែលភាគីទាំងពីរយកចិត្តទុកដាក់ ដូចគ្នាតាមពេលវេលាកំណត់។
បើតាមន្រ្តីជាន់ខ្ពស់សាលាខេត្តតាកែវ ក្រៅពីបានចុះហត្ថលេខាលើ អនុស្សារណៈខាងលើ ប្រតិភូខេត្តតាកែវ ត្រូវបានអញ្ជើញទៅទស្សនកិច្ច នៅតំបន់អភិវឌ្ឍន៍ វិស័យកសិឧស្សាហកម្ម រោងចក្រផលិតគ្រឿង យន្តកសិកម្ម និងកន្លែងផលិតរថយន្តដឹកទំនិញ កសិដ្ឋានចិញ្ចឹមសត្វ សត្វឃាតដ្ឋាននិង កន្លែងកែច្នៃម្ហូបអាហារ ជាច្រើនកន្លែងទៀត។
ឆ្លើយតបតាមការស្នើសុំរបស់ លោកអភិបាលខេត្តតាកែវ ក្រុងស៊ាងយ៉ាង នឹងចាត់ឲ្យមានប្រតិភូមកធ្វើទស្សនកិច្ចនៅខេត្តតាកែវ ដើម្បីពិនិត្យលទ្ធភាព និងសក្តានុពលសំរាប់ការវិនិយោគលើ វិស័យកសិឧស្សាហកម្ម ចិញ្ចឹមសត្វ និងអចលនទ្រព្យ នៅអំឡុង ខែតុលា-វិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ៕