(ភ្នំពេញ)៖ លោក ម៉ៃ ហុងស្រៀង អតីតសមាជិកគណៈកម្មាធិការនាយក នៃគណបក្សភ្លើងទៀន បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន សុទ្ធតែមនុស្សគ្មានគុណធម៌ សច្ចៈធម៌ ជាក្រុមមនុស្សស្រែកឃ្លានអំណាច ផ្តាច់ការ និងបក្ខពួកនិយម។

ការលើកឡើងរបស់លោក ម៉ៃ ហុងស្រៀង បានធ្វើឡើងបន្ទាប់ពីបានលោកបានមើលឃើញថា ការធ្វើនយោបាយរបស់គណបក្សភ្លើងទៀន មិនមានគោលការណ៍ច្បាស់លាស់ មិនមានយុទ្ធសាស្ត្រសមស្របនឹងលទ្ធិប្រជាធិបតេយ្យ ផ្ទុយទៅវិញមានតែការអនុវត្តហួសបន្ទាត់ក្រហម នៃលទ្ធិប្រជាធិបតេយ្យ និងបានធ្វើឱ្យខ្លួនក្លាយជាជនល្មើស ធ្វើឱ្យខ្លួនក្លាយជាទណ្ឌិតមិនអាចវិលចូលស្រុកវិញបាន។

លោក ម៉ៃ ហុងស្រៀង បានបញ្ជាក់ថា អ្នកនយោបាយទាំងស្រុក និងក្រៅស្រុក គឺធ្វើនយោបាយដើម្បីតែខ្លួនឯង មិនធ្វើដើម្បីជាតិដូចមាត់បានទន្ទេញនោះឡើយ។ ទំនាស់ផលប្រយោជន៍ មើលតែគោលនយោបាយរបស់ គណបក្សភ្លើងទៀន ហាក់បីជាល្អណាស់ ប៉ុន្តែសម្រាប់ការអនុវត្តមិនបានល្អ ក្នុងគោលនយោបាយនោះទេ បែរទៅឈ្នានីស ច្រណែន ដណ្តើមតួនាទីអំណាចគ្នាទៅវិញទៅមក និងមិនបានចូលរួមអភិវឌ្ឍន៍សង្គមជាតិនោះទេ ជាពិសេសតែងតែធ្វើការរិះគន់ហែកហួរនាំឱ្យសង្គមជាតិបែកបាក់ជាដើម។

លោក ម៉ៃ ហុងស្រៀង បានបញ្ជាក់ថា៖ «កុំនិយាយថា នៅជាមួយបក្សប្រឆាំងទើបហៅថាស្នេហាជាតិ គណបក្សកាន់អំណាចក៏ស្នេហាជាតិដូចគ្នា ការស្នេហាជាតិហ្នឹងហើយ ដែលកសាងប្រទេសជាតិពីសូន្យរហូត មានដល់សព្វថ្ងៃនេះ យើងទទួលបានសុខសន្តិភាព ទទួលបាននូវការអភិវឌ្ឍ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន និងបន្តក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត»

លោក ម៉ៃ ហុងស្រៀង បានផ្តាំទៅថ្នាក់ដឹកនាំគនបក្សភ្លើងទៀនថា កុំចោទបក្សកាន់អំណាចទាំងក្នុង ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទាំងអស់ ឈ្លោះទាស់ទែនផ្ទៃក្នុងព្រោះតែមិនគោរពគោលការណ៍មានចែងក្នុងបក្ស គឺសីលធម៌ សច្ចៈធម៌នោះឯង។ ដោយមិនផ្តល់ឱកាសដល់យុវជនសម្រាប់ក្លាយជាអ្នកដឹកនាំបន្តវេន។

លោក ម៉ៃ ហុងស្រៀង បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន សុទ្ធតែជាមនុស្សផ្តាច់ការ ស្រែកឃ្លានអំណាច។ តាមរយៈវីដេអូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក ម៉ៃ ហុងស្រៀង បានអំពាវនាវដល់សមាជិកទាំងអស់ កុំឱ្យជឿលង់ជាមួយគណបក្សភ្លើងទៀនតទៅទៀត៕