(សៀមរាប)៖ «ស្លាកសញ្ញាសុវត្ថិភាព ឬស្ទីកគ័រ ចំណាំងផ្លាត់» សម្រាប់ពេលយប់ ចំនួន១៧ម៉ឺនសន្លឹកត្រូវបានលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងអាជ្ញាធរ រួមនិងមន្ត្រីជំនាញបានចុះបិទនិងចែកជូនរថយន្ដកែឆ្នៃ គោយន្ដ រ៉ឺម៉កម៉ូតូ កង់ នៅក្នុងខេត្តសៀមរាប។ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ នៅតំបន់បេនរថយន្ដថ្មី នាប៉ែកខាងលិចក្រុងសៀមរាប លោកអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធចុះបិទ «ស្ទីកគ័រ» ជានិមិត្តរូប ជូនដល់រថយន្ដកែឆ្នៃ គោយន្ដ និងរ៉ឺម៉ក់ម៉ូតូ ប្រមាណជាង១០០គ្រឿង។
លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងថា៖ សម្រាប់ខេត្តសៀមរាបយើង គឺទទួលបាន «ស្ទីកគ័រ» ចំណាំងផ្លាតនេះ ចំនួន១៧ម៉ឺនសន្លឹកពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូនកម្ពុជា ដែលបានប្រគល់ជូនមកឲ្យខេត្តសៀមរាប ដែលអភិបាលខេត្តបានចុះចែកចាយ និងបិទដោយផ្ទាល់នៅពេលនេះ។ ហើយការបិទ «ស្ទីកគ័រ» នេះក្នុងគោលបំណងដើម្បីកាត់បន្តយគ្រោះថ្នាក់ចរាចរផ្លូវគោក បន្ថែមពីលើការអប់រំផ្សព្វផ្សាយ អំពីការយល់ដឹងពីច្បាប់បទដ្ឋាន ចរាចរណ៍ផ្លូវគោក ដែលយើងបាននិងបន្តអប់រំ ផ្សព្វផ្សាយ ដើម្បីពង្រឹងការគោរពច្បាប់ ដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ទូទាំងខេត្តសៀមរាបយើងនេះ។
ក្នុងពិធីចុះចែកនះលោកអភិបាល ឃឹម ប៊ុនសុង បានលើកឡើងថា៖ ថ្ងៃនេះនិងជារួមទូទាំងខេត្តសៀមរាប យើងបានណែនាំគ្រប់កន្លែងទាំងអស់ ដើម្បីបើកយុទ្ធនាការ បិទ «ស្ទីកគ័រ» ដែលយើងបានទទួលពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សរុបចំនួន១៧ម៉ឺនសន្លឹក ហើយយើងបានប្រកាស់បិទទាំងអស់។ គឺបិទតាំងពីគោយន្ដ រ៉ឺម៉ក់ម៉ូតូ កង់របស់សិស្សានុសិស្ស ដែលអត់មានភ្លើងនៅពីក្រោយ ក្នុងនោះផងដែរ យើងនៅតែបន្តឲ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ បន្តអប់រំ ផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ពិសេសការបំពាក់ភ្លើងបំភ្លឺ និងចំណាំងផ្លាត នៅលើយានយន្ដ និងទោចក្រក្រយានយន្ដគ្រប់ប្រភេទ ដើម្បីធានាឲ្យបាននូវការកាត់បន្ថយគ្រោះថ្នាក់នានា ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរ នៅលើផ្លូវជាតិ និងផ្លូវថ្នល់នានា ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា៖ ជារួមទៅយើងឃើញថា នៅខេត្តសៀមរាបយើង ជាខេត្តទេសចរណ៍ ហើយទីក្រុងយើងតូច អីចឹងហើយទើបអាជ្ញាធរ ខេត្តយើង បានខិតខំណាស់ ដើម្បីឲ្យអ្នកវិនីយោគធ្វើចំណតរថយន្ដខ្នាត់ធំ និងស្ដង់ដាមួយឡើង។ ជាក់ស្ដែងព្រឹកនេះ យើងបានចុះបិទ ស្ទិកគ័រ ផង ហើយយើងបាន ពិនិត្យមើលការសាងសង់ចំណតរថយន្ដ នៅទិសខាងលិចក្រុងនេះផង ។ ការបង្កើតឲ្យមានចំណត់រថយន្ដនេះ គឺដើម្បីឲ្យរថយន្ដដឹកភ្ញៀវទេសចរក្ដី រថយន្ដដឹកអ្នក ដំណើរក្ដី រថយន្ដដឹកទំនិញក្ដីចូលមកក្រុងសៀមរាប ត្រូវមកចតនៅទីនេះទាំងអស់។ ដែលគោលបំណងទីមួយ គឺដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ និងចរាចរណ៍ល្អ ហើយទីពីរ គឺដើម្បីផ្ដល់ផលប្រយោជន៍ ដល់អ្នកដែលប្រកបមុខរបរដឹកភ្ញៀវផងដែរ ដូចជា រ៉ឺម៉កម៉ូតូ រថយន្ដតូចៗ ដែលជាតាក់ស៊ី នៅក្នុងក្រុង បានមកទទួលយកភ្ញៀវ និងអ្នកដំណើរពីកន្លែងនេះ។ ហើយចំណតនេះសង្ឃឹមថា នឹងបានបើកឲ្យដំណើរការ ក្នុងពេលប៉ុន្មានខែឆាប់ៗខាងមុខ នាឆ្នាំ២០១៦នេះហើយ៕