(ភ្នំពេញ)៖ គួរឲ្យសង្វេគជាខ្លាំង អ្នកនាង ចន្ទ សិរីរដ្ឋ អតីតសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ និងត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធកម្រងបទចម្រៀងស្នាដៃសម្តេចតេជោ និងសៀវភៅ «សម្តេចពុកសន្តិភាព» បានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ សន្លប់បាត់មានបាត់ក កាលពីរាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ក្រោយពេលចេញពីបំពេញការងារ ហើយត្រូវបានបញ្ជូនមកព្យាបាល និងសង្គ្រោះបន្ទាន់ នៅមន្ទីរមិត្តភាពកម្ពុជា-ចិន ព្រះពេទ្យកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ)។

ដោយសារតែកត្តាជីវភាពលំបាក ត្រូវទទួលបន្ទុកចិញ្ចឹមកូនស្រីតូច និងប្តីមានបញ្ហាសុខភាព អ្នកនិពន្ធចម្រៀងស្នាដៃសម្តេចតេជោ ចន្ទ សិរីរដ្ឋ រូបនេះ បានប្រឹងប្រែងធ្វើការ ដោយអ្នកនាងក៏បានលើកឡើងដែរថា អ្នកនាង មិនមានផ្ទះសម្បែងនៅទេ (ស្នាក់នៅបន្ទប់ជួល) ទើបខំប្រឹងទាំងថ្ងៃយប់ ដើម្បីសន្សំប្រាក់ទិញផ្ទះតូចល្មម នៅជាមួយនឹងកូនតូច និងគ្រួសារ។
យ៉ាងណាមិញ ក្រោយពីអ្នកនាងបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះហើយ គឺបានបណ្តាលឲ្យខ្លួនត្រូវប៉ះទង្គិចជាមួយផ្នែកខាង ក្នុងនៃរាងកាយមួយចំនួនយ៉ាងដំណំ។
ជាមួយគ្នានេះដែរ អ្នកនាង ចន្ទ សិរីរដ្ឋ អ្នកនិពន្ធ ស្នាដៃចម្រៀងសម្តេចតេជោ និងសៀវភៅ «សម្តេចពុកសន្តិភាព» សូមគោរពសំពះសុំក្តីសណ្ដោស ក្តីអាណិត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយដល់ដល់ជីវិតអ្នកនាង ដែលកំពុងជួបការលំបាក និងរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍នេះដោយក្តីអនុគ្រោះផងចុះ៕