(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ សហព័ន្ធសហជីពឡាវ (LFU) ដឹកនាំដោយលោក Tongye YANGYONGXENG អនុប្រធានសហព័ន្ធសហជីពឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការពាក់ព័ន្ធនឹងវិស័យការងារ និងសហជីព សំដៅធ្វើការផ្លាស់ប្ដូរបទពិសោធន៍ការងារគ្នា ទៅវិញទៅមក។
កិច្ចពិភាក្សានេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ ថ្នាក់ដឹកនាំខាងភាគីឡាវនិងលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ផងដែរ។
ក្រោយពីបញ្ចប់ជំនួបពិភាក្សាខាងលើ លោករដ្ឋមន្រ្តីបានឱ្យដឹងថា សហជីពរបស់កម្ពុជា និងសហជីពរបស់ឡាវ ធ្លាប់មានទំនាក់ទំនងជាមួយគ្នា យូរលង់ណាស់មកហើយ ជាពិសេសក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ សហព័ន្ធសហជីពឡាវ និងសហព័ន្ធសហជីពកម្ពុជា តែងតែមានកិច្ចសហប្រតិបត្តិការល្អ និងផ្លាស់ប្ដូរគំនិតយោបល់គ្នាទៅវិញទៅមក តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរវាងប្រទេសទាំងពីរ ក៏ដូចជាការជួយគ្នាទៅវិញទៅមកផងដែរ។
លោករដ្ឋមន្រ្តីបានបន្តថា «តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងបានផ្លាស់ប្ដូរបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក បើទោះជាប្រព័ន្ធដឹកនាំប្រទេសមិនដូចគ្នាក៏ពិតមែន តែប្រទេសទាំងពីរឈរលើគោលការណ៍ ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍជូនកម្មករ និយោជិតដូចគ្នា។ ម្យ៉ាងទៀតប្រទេសទាំងពីរ ក៏មានគោលការណ៍ផ្លាស់ប្ដូរសមត្ថភាព អ្នកដឹកនាំគ្រប់កម្រិតរបស់សហជីព និងការមូលមតិគ្នា នៅលើវេទិកាអន្តរជាតិ និងវេទិកាតំបន់ ដែលជាកិច្ចសហប្រតិបត្តិការល្អ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា»។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហព័ន្ធសហជីពឡាវខាងលើនៅកម្ពុជានេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែសីហា ឆ្នាំ២០១៦ ដែលត្រូវបានធ្វើឡើង តបតាមការអញ្ជើញរបស់លោក សោម អូន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយគ្នា៕