(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់អនុវត្តន៍ឱ្យទទួលបានជោគជ័យ និងល្អប្រសើរលើផែនការជំនួយសង្គមរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម កាលពីថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់មូលនិធិជាតិជំនួយសង្គម។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អគ្គនាយក អគ្គនាយករង និងលោក លោកស្រីប្រធាននាយកដ្ឋាននៃមូលនិធិជាតិជំនួយសង្គម។ កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥រួមមាន៖ ១) ប្រកាសសមាសភាព និងសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គមលើកទី៣ អាណត្តិទី១ ឆ្នាំ២០២៤, ២) ពិនិត្យ និងផ្តល់ការអនុម័តត្រាមូលរបស់សាខា ម.ជ.ជ. រាជធានីខេត្ត, ៣) ពិនិត្យ និងផ្តល់ការអនុម័តលើប្រកាសតែងតាំងបេក្ខភាពប្រធានសាខាម.ជ.ជ. រាជធានីខេត្ត, ៤) ពិនិត្យ និងផ្តល់ការអនុម័តលើការបញ្ជូនមន្ត្រីកិច្ចសន្យា និងការតម្លើងប្រាក់កម្រៃប្រចាំខែរបស់បុគ្គលិកជាប់កិច្ចសន្យានៃ ម.ជ.ជ. ទាំងថ្នាក់កណ្ដាល និងសាខា ម.ជ.ជ. រាជធានីខេត្ត និងទី៥) ពិនិត្យ និងផ្តល់ការអនុម័តលើគណៈកម្មការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម និងគណៈកម្មការបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃមូលនិធិជាតិជំនួយសង្គម។
រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំប្រព័ន្ធគាំពារសង្គមកម្ពុជាក្រោមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ដែលមានសសថរស្តម្ភសំខាន់២គឺ៖ «ប្រព័ន្ធសន្តិសុខសង្គម» ផ្តោតលើការធានាបាននូវសន្តិសុខប្រាក់ចំណូលតាមរយៈការការពារប្រជាពលរដ្ឋពីការធ្លាក់ចុះប្រាក់ចំណូលភ្លាមៗដោយសារបញ្ហាសុខភាព ឬ វិបត្តិហិរញវត្ថុ, និង «ប្រព័ន្ធជំនួយសង្គម» ផ្តោតលើការជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត ដោយប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់
រាជរដ្ឋាភិបាលតាមរយៈកម្មវិធីអន្តរគមន៍ផ្ទេរសាច់ប្រាក់ជំនួយសង្គម ដែលមាន មូលនិធិជាតិជំនួយសង្គម ជាប្រតិបត្តិករផ្ទេរសាច់ប្រាក់។
ក្នុងនោះរាជរដ្ឋាភិបាលទើបបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ៖ «ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់ប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ពិសេសទាក់ទងនឹងគោលនយោបាយអាទិភាពទី២ គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស និង គោលនយោបាយទី៣ គឺការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដែលមានមូលនិធិជាតិជំនួយសង្គម គឺជាប្រតិបត្តិករអនុវត្តកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំខាងលើ លោក ស៊ូនី វង្សវិសិដ្ឋ ក៏ដូចជាសមាជិក សមាជិកាក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការអនុវត្តន៍កិច្ចការទាំងឡាយពាក់ផែនការជាតិជំនួយសង្គមឱ្យទទួលបានលទ្ធផលល្អប្រសើរ៕