(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស១១០គ្រឿង ក្នុងនោះរថយន្ត២១គ្រឿង និងម៉ូតូ៨៩គ្រឿង។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន១១០គ្រឿង (រថយន្ត ចំនួន២១គ្រឿង, ម៉ូតូ ចំនួន៨៩គ្រឿង)៖

*ទី១៖ ល្មើសជាតិស្រវឹង ចំនួន៣៧គ្រឿង៖ កម្រិត០.២៥-០.៣៩ mg/L ចំនួន១៦គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១២នាក់ អ្នកបើកបររថយន្ត ចំនួន៤នាក់, កម្រិត ០.៤០mg/L ឡើង ចំនួន២១គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១២នាក់ និងអ្នកបើកបររថយន្ត ចំនួន៩នាក់។

*ទី២៖ បទល្មើសផ្សេងៗ ចំនួន៦៣គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន៥៥គ្រឿង ដឹកសំពីងសំពោង២គ្រឿង, អត់ប័ណ្ណបើកបរ៣គ្រឿង, ផ្លាកលេខមិនប្រក្រតី១គ្រឿង, តុងតែងភ្លើងខុសបច្ចេកទេស២គ្រឿង, និងរថយន្ដដឹកសំពីងសំពោង២គ្រឿង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»