(ភ្នំពេញ)៖ យុវជនក្រីក្រដែលកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ មានក្តីរំពឹងថា ខ្លួននឹងអាចបម្រើការងារ ជាបុគ្គលិកនៅហាងកាហ្វេ ហើយនឹងអាចបើកហាងកាហ្វេតូចមួយដោយខ្លួនឯងបន្ទាប់ពីបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកជំនាញកាហ្វេចប់ នារយៈពេល៤ខែខាងមុខ។

ជាយុវតីមកពីខេត្តបន្ទាយមានជ័យ កញ្ញា ហៀត រក្សា កំពុងសិក្សាជំនាញវិជ្ជាជីវៈផ្នែកធុរៈភេសជ្ជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្ត បានលើកឡើងថា៖ «រៀនចប់រយៈពេល៤ខែផ្នែកជំនាញកាហ្វេនៅទីនេះខ្ញុំអាចទៅបម្រើការងារនៅហាងកាហ្វេបានដែលវាជាជំហានដំបូងរបស់ខ្ញុំ និងបន្ទាប់មកទៀតខ្ញុំមានក្តីបំណងចង់បើកជា ហាងកាហ្វេតូចៗដោយខ្លួនឯងបាន»។

យុវតីរូបនេះពន្យល់ថា ខ្លួនបានជ្រើសយកជំនាញកាហ្វេនេះ ដោយសារនៅកម្ពុជានាពេលបច្ចុប្បន្ន កាហ្វេ គឺជាភេសជ្ជៈមួយដែលពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា ដូច្នេះ ទីផ្សារការងារផ្នែកកាហ្វេក៏ល្អដែរនាពេលបច្ចុប្បន្ននេះ។ ការរៀនជំនាញធុរៈកិច្ចកាហ្វេនេះយុវតីសង្ឃឹមថាខ្លួននិងអាចមានការងារមួយច្បាស់លាស់ និងប្រាក់ចំណូលសមរម្យ ដែលធ្វើឱ្យជីវភាពគ្រួសារបានប្រសើជាងនេះនៅពេលអនាគត។

យុវជន ព្រំ ពេជ្រ មកពីគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ ដែលកំពុងសិក្សាជំនាញធុរៈកិច្ចភេសជ្ជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តលើកឡើងដែរថា៖ «ការចង់ចេះឆុងកាហ្វេនេះគឺជាជំនាញមួយនៅក្នុងក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចបើកហាងកាហ្វេតូចមួយសម្រាប់ខ្លួនឯងនៅពេលអនាគត»។

យុវជនរូបនេះបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាក្តីសង្ឃឹមតែមួយគត់ដែលអាចឱ្យខ្លួនបានសិក្សាជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ មានប្រាក់ចំណូមសមរម្យ។ យុវជនរូបនេះរំពឹងថា ខ្លួននឹងជាអ្នកស្រោចស្រង់ជីវភាពគ្រួសារបានប្រសើរជាងពេលបច្ចុប្បន្ន ខណៈដែលគ្រួសារក្រីក និងឱពុកម្តាយ កាន់តែជរាទៅពីមួយថ្ងៃទៅថ្ងៃ។

គូសបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ បានបោះជំហានទៅមួយដំណាក់កាលទៀតហើយ ដោយកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤កន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលចូលរៀនជាផ្លូវការនៅទូទាំងប្រទេស៕