Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កឹម សុខា ជួបពិភាក្សាជាមួយមន្រ្តីក្រសួងការបរទេសអង់គ្លេស ស្របពេលសមត្ថកិច្ចយកដីការចាប់ខ្លួនបិទនៅមុខផ្ទះ

29-08-2016 11:38

(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ​លោក ជូណាថាន់ ដាបី (Jonathan Darby) ជាប្រធានក្រុមកិច្ចការអាស៊ីអាគ្នេយ៍ (អាស៊ាន) នៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិច របស់ក្រសួងការបរទេសចក្រភពអង់គ្លេស ស្របពេលដែលសមត្ថកិច្ចយកដី ការចាប់ខ្លួនទៅបិទនៅមុខផ្ទះនាព្រឹកនេះ ។

លោក កឹម សុខា បានបញ្ជាក់ នៅក្នុងFacebook Page ផ្លូវការរបស់លោកថា ការជួបពិភាក្សាការងារ រវាង លោក ជាមួយ លោក ជូណាថាន់ ដាបី (Jonathan Darby) គឺពិភាក្សាពីស្ថានភាពនយោបាយកម្ពុជា បច្ចុប្បន្ន ដំណើរការតុលាការ និងដំណើរការបោះឆ្នោត នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានយកដីកាថ្មីមួយទៀត ទៅបិទនៅជញ្ជាំងផ្ទះ របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក​ ដោយក្នុងដីកានោះ កោះហៅលោក កឹម សុខា ចូលសវនាការនៅថ្ងៃទី០៩ ខែកញ្ញា វេលាម៉ោង៨៖៣០នាទីព្រឹក ជាកំហិត ដើម្បីឆ្លើយដោះសារនៅក្នុងសវនាការ។

កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានយកដីកាមួយជូនដំណឹងអំពីការ បិទការស៊ើបសួរ នឹងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រម ជំនុំជម្រះ លើសំណុំរឿងដោយចោទប្រកាន់លោក កឹម សុខា ពីបទ «បដិសេធក្នុងការចូលខ្លួន» ទៅបិទនៅជញ្ជាំងផ្ទះ របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក​៕