(ភ្នំពេញ)៖ អង្គការអន្តរជាតិមិនរកប្រាក់ចំណេញអាយឌីអ៊ី (iDE) និង ស៉ី អ៉ីនវេសមិន (SHE Investments) ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរួមកម្លាំងគ្នា ដោយរួមបញ្ចូលនូវជំនាញរបស់ SHE ក្នុងការបណ្តុះបណ្តាលសហគ្រិនស្ត្រី ជាមួយនឹង បទពិសោធន៍ដ៏ទូលំទូលាយរបស់ iDE ដែលបានធ្វើការនៅទីជនបទជាច្រើនឆ្នាំក្នុងប្រទេសកម្ពុជា រួមទាំងជំនាញ និងកំណត់ត្រាជោគជ័យទាក់ទង នឹងការអភិវឌ្ឍទីផ្សារប្រកបដោយបរិយាប័ន្ន។
ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ក្រុមការងារ SHE បានក្លាយជាកម្មវិធីមួយរបស់អង្គការ iDE Cambodia ហើយ SHE នឹងបន្តការងារសំខាន់ៗរបស់ខ្លួនរួមមាន ការបង្កើត និងការផ្តល់នូវកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម និងពន្លឿនអាជីវកម្ម ដែលផ្តោតលើយេនឌ័រ និងស្របតាមវប្បធម៌ សង្គមសម្រាប់ស្ត្រីក្នុងប្រទេសកម្ពុជា។
នាយកប្រចាំប្រទេសនៃ iDE Cambodia លោក Kevin Robbins បានមានប្រសាសន៍ថា ការដាក់បញ្ចូល SHE ជា កម្មវិធីមួយរបស់ iDE គឺសាកសមបំផុត ពីព្រោះថាស្ថាប័នទាំងពីរមានបេសកកម្ម និងចក្ខុវិស័យដូចគ្នា ដោយផ្តោតលើការពង្រីក នូវការគាំទ្រដល់សហគ្រិនស្ត្រី បង្កើតឱ្យមានផលជះវិជ្ជមានកាន់តែច្រើនដល់គ្រួសារ និងសហគមន៍របស់ពួកគាត់។
«យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការស្វាគមន៍ SHE មកនៅក្រោមឆ័ត្រនៃ iDE ។ SHE មានកេរ្តិ៍ឈ្មោះល្បីល្បាយ លើកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម និងពន្លឿនអាជីវកម្ម រួមជាមួយនឹងសេវាកម្ម ផ្សេងៗទៀត សំដៅគាំទ្រដល់សហគ្រិនស្ត្រីនៅកម្ពុជា ឱ្យទទួលបានជោគជ័យទាំងផ្នែកហិរញ្ញវត្ថុ និងភាពរីកចម្រើនដែលខ្លួនប្រាថ្នាចង់បាន»។
លោក Kevin Robbins បានបន្តទៀតថា អាជីវកម្មដឹកនាំដោយស្ត្រី បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើត ការងារ លើកកម្ពស់បទដ្ឋាននៃជីវភាពរស់នៅ និងជំរុញការអភិវឌ្ឍប្រកបដោយបិរយាប័ន្ន។ យ៉ាងណាក្តី ស្ត្រី ប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាបញ្ហាក្នុងការការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលសមស្របទៅតាម លទ្ធភាពរបស់ពួកគេ ក៏ដូចជាការទទួលបាននៅបចេ្ចកវិទ្យា និងសេវាគាំទ្រនានា។
«តាមរយៈការផ្តោតលើការគាំទ្រដល់សហគ្រិនស្ត្រី iDE និង SHE ជឿជាក់ថាពួកយើងអាចបង្កើនអំណាចដល់ សហគមន៍ ជំរុញភាពចម្រុងចម្រើន និងសុខុមាលភាព។ យោងតាមភស្តុតាងដែលមាន ស្ត្រីទំនងជាវិនិយោគ ប្រាក់ចំណូលដែលខ្លួនមាន លើផ្នែកសុខភាព និងការអប់រំរបស់កូន»។
Celia Boyd សហស្ថាបនិក SHE បានលើកឡើងថា អ្នកស្រីពិតជារីករាយដោយដឹងថា ការងាររបស់ SHE នឹងបន្តគាំទ្រស្ត្រី គ្រួសារ និងសហគមន៍កាន់តែច្រើនថែមទៀតក្រោមការសហការណ៍ជាមួយ iDE ។
អ្នកស្រី Celia Boyd បានបន្ថែមថា៖ «យើងពិតជាមានមោទនភាព និងអរគុណដល់មិត្ត និងដៃគូជាច្រើនរបស់ យើងដែល បានចូលរួមជាផ្នែកដ៏សំខាន់ក្នុងដំណើររបស់ SHE និងសូមអរគុណដល់ស្ត្រីដ៏គួរឱ្យស្ញប់ស្ញែងនៅ ទូទាំងប្រទេសកម្ពុជា។ នេះ ជាសំណាងរបស់ពួកយើងដែលបានចូលរួមក្នុងដំណើរការអាជីវកម្មរបស់ពួកគាត់ ផ្ទាល់» ។
«រយៈពេលមួយទស្សវត្សន៍នេះ បានបញ្ជាក់ពីវិធីសាស្រ្តដែលមានប្រសិទ្ធភាព ដែលអាចឱ្យយើងយក សហគ្រិនស្រ្តីជា ចំណុចស្នូលនៃការងារទាំងឡាយដែលយើងធ្វើ ហើយពួកយើងជឿជាក់ថា អង្គការ iDE ជាដែគូល្អបំផុតដែលអាចបង្កើនផលជះវិជ្ជមាននេះទៅមុខបន្តទៀត»។
ក្រោមការរៀបចំរចនាសម្ព័ន្ធថ្មីនេះ SHE បានចូលរួមជាមួយ iDE ដែលមានទីស្នាក់ការនៅភ្នំពេញ និងខេត្ត សៀមរាប ហើយយីហោបច្ចុប្បន្ននឹងប្តូរទៅជា «គាំទ្រដោយ iDE»៕