(ភ្នំពេញ)៖ ម៉ៅ ភារា និង ម៉ៅ ភារិទ្ធ ជាយុវជនរស់នៅក្នុងឃុំបឹងចារ ស្រុកសំបូរ ដែលជាតំបន់ដាច់ស្រយាលមួយក្នុងខេត្តក្រចេះ។ ដោយសារតែការខ្វះខាតក្នុងជីវភាព និងមិនមានរបររកកម្រៃទ្រទ្រង់ជីវភាពនោះ យុវជនពីរនាក់បងប្អូន ជាមួយឪពុក បានសម្រេចចិត្តចូលកាប់ឈើក្នុងព្រៃឡង់ ដែលជាប់នឹងឃុំរបស់ពួកគេ។
ភារា បានប្រាប់ Fresh News ថា ការសម្រេចចិត្តចូលកាប់ឈើ ដោយសារតែមិនមានរបរ ដែលអាចរកចំណូលមកទ្រទ្រង់ជីវភាព។ «អត់មានរបររកលុយកាលពីដំបូង បានចូលកាប់ឈើក្នុងព្រៃឡង់»។
យុវជន ភារា បានឱ្យដឹងថា រូបគេ ប្អូនប្រុស និងឪពុក បានចាប់ផ្តើមចូលកាប់ឈើនៅព្រៃឡង់កាលពីឆ្នាំ២០១៣ ហើយបានធ្វើសកម្មភាពនោះរយៈពេលប្រមាណជា៤ឆ្នាំ។
បើតាម ភារា ការចូលទៅកាប់ឈើក្នុងព្រៃឡង់ក្នុងមួយដងមានរយៈពេលប្រមាណជាកន្លះខែ ហើយរំលំឈើរង្វង់ប្រមាណជា១០ដើម ដែលក្នុងនោះមានឈើខ្លះទំហំដល់ទៅពីរឱបក៏មាន។ ឈើដែលកាប់នោះ មានដូចជាឈើទាល ត្រាច និងតម្រែជាដើម។
ភារា បានឱ្យដឹងថា បន្ទាប់ពីកាប់ហើយ គេត្រូវអាច្រៀកឈើនោះ ហើយដឹកចេញមកក្រៅ ហើយមានឈ្មួញចាំទទួលទិញ និងដឹកតាមកាណូត។
ការចូលទៅកាប់ឈើមិនងាយស្រួលនោះឡើយ លំបាកក្នុងការកាប់ឈើជារឿងមួយទៅ លំបាកមួយទៀត គឺប្រឈមនឹងច្បាប់ ពេលខ្លះជួបមន្ត្រីបរិស្ថាន ជួបអ្នកការពារព្រៃឈើក៏រត់ចោលគោយន្ត និងម៉ាស៉ីនកាត់ឈើក៏មាន។ នេះបើតាមការរៀបរាប់របស់យុវជន ម៉ៅ ភារា និង ម៉ៅ ភារិទ្ធ។
បច្ចុប្បន្នយុវជនទាំងពីររូប រួមទាំងឪពុករបស់គេបានលាឈប់ពីរបរកាប់ឈើនេះហើយ។ បើតាម ភារា ការលាឈប់នេះ ដោយសារតែរូបធ្លាប់ត្រូវបានមន្ត្រីបរិស្ថានចាប់ខ្លួន និងមួយវិញទៀតដោយសារពេលនេះរូបគេមានការងារធ្វើនៅក្នុងចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេក។
ក្រុមហ៊ុនស៊ីងបាយអូថេក ជាក្រុមហ៊ុនមួយទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល និងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាំឈើធ្វើឧស្សាហកម្មដូចជាដើមប្រេងខ្យល់ និងម៉ៃសាក់ជាដើម លើផ្ទៃដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
បច្ចុប្បន្នមានផ្ទៃដីប្រមាណជា ១ម៉ឺនហិកតា ត្រូវបានដាំដុះ ហើយឈើខ្លះក៏អាចកាត់ ដើម្បីយកទៅធ្វើជាក្តាបន្ទះផងដែរ។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុននេះ បានផ្តល់ការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខាងលើ។
ក្រៅពីយុវជនបងប្អូនបង្កើត ម៉ៅ ភារា និង ម៉ៅ ភារិទ្ធ ក៏មានប្រជាពលរដ្ឋជាច្រើនទៀត ដែលធ្លាប់ចូលកាប់ឈើនៅព្រៃឡង់ បានចូលមកធ្វើការនៅក្នុងក្រុមហ៊ុនស៊ីងបាយអូថេក ហើយឈប់ចូលទៅកាប់ឈើនៅក្នុងព្រៃឡើង។
យុវជន ម៉ៅ ភារា បានឱ្យដឹងថា រូបគេ ទទួលបានប្រាក់ឈ្នួលប្រមាណ ៩០ម៉ឺនរៀនក្នុងមួយខែ។ ដូច្នេះពីរនាក់បងប្អូន គឺទទួលបានប្រាក់ឈ្នួល ១លាន ៨០ម៉ឺនរៀល។ តាមរយៈប្រាក់ឈ្នួលនេះ ធ្វើឱ្យជីវភាពគ្រួសារប្រសើរជាងមុន។ ឪពុករបស់គេលែងលំបាកចូលព្រៃកាប់ឈើ ហើយសន្សំលុយបានទិញម៉ូតូ និងទិញគោមកចិញ្ចឹមផងដែរ។
យុវជន ម៉ៅ ភារា និង ម៉ៅ ភារិទ្ធ បានមើលឃើញថា ការវិនិយោគដាំឈើរបស់ក្រុមហ៊ុនស៊ីងបាយអូថេក បានរួមចំណែកផ្តល់ការងារ ផ្តល់ចំណូលជួយទ្រទ្រង់ជីវភាពគ្រួសាររបស់គេ និងប្រជាពលរដ្ឋដទៃទៀតឱ្យបានរស់នៅសមរម្យ។ បន្ថែមពីលើនោះ ការវិនិយោគដាំដើមឈើនេះ បានរួមចំណែកឱ្យប្រជាពលរដ្ឋបោះបង់សកម្មភាពចូលទៅកាប់ឈើនៅក្នុងព្រៃឡង់។
យុវជនទាំងពីររូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបន្តចូលព្រៃឡង់កាប់ឈើឱ្យបញ្ឈប់សកម្មភាប ហើយងាកមកធ្វើការងារនៅក្រុមហ៊ុនស៊ីងបាយអូថេក៕