(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួនកំពុងសម្លឹងមើលឃើញ នូវភាពដែលអាច ទៅរួចបំផុត ដែលកូរ៉េខាងជើង នឹងធ្វើការបង្កហេតុណាមួយ កាន់តែខ្លាំងថែមទៀត ប្រសិនបើ សមយុទ្ធយោធារវាង សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង នៅតែបន្តប្រព្រឹត្តទៅនោះ។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា។
ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបាននិយាយថា សកម្មភាពបង្កហេតុបន្ថែមទៀត គឺទំនងជាអាច កើតមានឡើងបន្ទាប់ពីការធ្វើតេស្តមីស៊ីល ចេញពីនាវាមុជទឹក (SLBM) កាលពីសប្តាហ៍មុន ដែលវាត្រូវបាន កូរ៉េខាងជើង អះអាងថាជាការឆ្លើយតបទៅនឹង ការធ្វើសមយុទ្ធយោធារយៈពេលពីរ សប្តាហ៍ របស់កូរ៉េខាងត្បូង និងអាមេរិក ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែសីហា មកម្ល៉េះ និងមិនព្រមបញ្ឈប់តាមការព្រមាន របស់ទីក្រុងព្យុងយ៉ាងនោះឡើយ។
លោក Jeong Joon-hee អ្នកនាំពាក្យក្រសួងខាងលើនេះ បានថ្លែងនាព្រឹកថ្ងៃចន្ទនេះថា «វាពិតជា ច្បាស់លាស់ហើយថា កូរ៉េខាងជើង មិនមែនគ្រាន់តែ ធ្វើការគំរាមដោយប្រើពាក្យសម្តី ទៀតនោះទេ។ វាប្រាកដណាស់ថា នឹងអាចកើតមានការបង្កហេតុ ជាក់ស្តែងថែមទៀត ដោយកូរ៉េខាងជើង។ យើងនឹង នឹងបន្តតាមដានស្ថានការណ៍ យ៉ាងដិតដល់ទៅមុខទៀត ហើយនឹងត្រៀមរៀបចំវិធានការ ដើម្បីទប់ទល់ចំពោះការវិវឌ្ឍព្រឹត្តិការណ៍ ទាំងនោះផងដែរ»៕