(តាកែវ)៖ ក្រោយទទួលបានព័ត៌មានកសិករម្នាក់ រងគ្រោះដោយសារជនបង្កដុតស្មៅ រាលទៅឆេះដល់ស្រូវរបស់ខ្លួន ទើបដែលច្រូតរួច ត្រូវឆេះអស់ជាងកន្លះតោន នៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ តែមិនទទួលបានសំណងត្រឹមត្រូវ កាលពីពេលថ្មីៗនេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានទទួលយុត្តិធម៌វិញហើយ ដោយទទួលបាននូវសំណង ដែលសមស្របទៅនឹងការខូចខាត ថែមទាំងទទួលបាននូវអំណោយជួយសម្រាល នូវការខ្វះខាតភ្លាមៗក្នុងពេលតែមួយ ពីមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នេះតាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

លោកស្រីអគ្គលេខាធិការរងទី១ បានឲ្យដឹងទៀតថា កសិកររងគ្រោះនោះ ឈ្មោះ យន ឡាច អាយុ ៥៩ឆ្នាំ គាត់ពិតជាទទួលរងនូវរឿងអយុត្តិធម៌នេះមែន ជីវិតជាអ្នកស្រែ គឺគ្មានអ្វីពឹងផ្អែកក្រៅពីស្រូវស្រែននោះទេ ។ដូច្នេះការដោះស្រាយដ៏សមស្របនៅពេលនេះ និងអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើឲ្យគ្រួសារកសិកររូបនេះសប្បាយចិត្តណាស់ និងធូរស្រាលចិត្ត ពេលរួចបន្ទុកដ៏ធ្ងន់ធ្ងរនៃការខូចខាតនេះ។

ក្នុងឱកាសចុះទៅសួរសុខទុក្ខដោយផ្ទាល់នេះផងដែរ លោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្តាយចំពោះហេតុការណ៍ខាងលើនេះ ជាពិសេសផ្តាំផ្ញើដល់បងប្អូនប្រជាកសិករទាំងអស់ សូមមានការប្រុងប្រយ័ត្នកុំឱ្យមានករណីដូចនេះកើតឡើងទៀត ត្រូវចេះយោគយល់គ្នា អធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរដូចគ្នា និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី។ លោកស្រីក៏បានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ បន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

ជាកិច្ចឆ្លើយតប លោក យន ឡាច មានក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ លើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ១០លានរៀល ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។ លោក ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានជួយដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី ទទួលបានយុត្តិធម៌ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ។

បន្ទាប់ពីកម្មវិធីខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ និងសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងអនុសាខាស្រុកគិរីវង់ បានបន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹងចំនួន ៣៨គ្រួសារ រស់នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកយាយលោកតាទាំងអស់ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោកយាយលោកតាទាំងអស់ និងផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ បរិភោគមានអនាម័យ មានអាហារូបត្ថម្ភត្រឹមត្រូវ កុំហូបប្រៃពេកផ្អែមពេកខ្លាញ់ពេក និងគ្រឿងស្រវឹង ដែលបង្កឱ្យមានជំងឺផ្សេងៗ។ ជាមួយគ្នានេះ សូមចូលរួមថែរក្សាការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពល្អរបស់យើងទាំងអស់គ្នា និងភពផែនដីទាំងមូល។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ឬទឹកត្រី ១យួរ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕